វៀតណាម និងសហរដ្ឋអាមេរិកបង្កើនការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងប្រជាជន និងប្រជាជន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ សង្គមនៃប្រទេសវៀតណាម – សហរដ្ឋអាមេរិក (VUS) និងដើមឈើសន្តិភាពវៀតណាម ( PTVN ) បានជួបជុំគ្នានៅទីក្រុងហាណូយជាមួយអតីតយុទ្ធជនសង្រ្គាមរបស់      វៀតណាម និងសហរដ្ឋអាមេរិក ក្នុងឱកាសរំលឹកខួបលើកទី៧៤ នៃទិវាជាតិ (ថ្ងៃទី២ ខែកញ្ញា) និង VUS (ថ្ងៃទី១៧ ខែតុលា) ) នឹងខួបលើកទី២៥ នៃការធ្វើឱ្យមានភាពប្រក្រតីនៃទំនាក់ទំនងរវាងវៀតណាម – សហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងពិធីនោះ ឯកអគ្គរដ្ឋទូត លោក Nguyen Van Huynh អនុប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម និងជាសមាជិកអចិន្រ្តៃយ៍នៃ VUS បានរំលឹកឡើងវិញអំពីប្រវត្តិសាស្រ្តប្រពៃណីរបស់ VUS និងរំលេចនូវសមិទ្ធិផលរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកក៏បានណែនាំអំពីតួនាទី និងភារកិច្ចរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និង VUS ក្នុងគោលបំណងលើកកម្ពស់មិត្តភាព និងសាមគ្គីភាពរវាងប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ។ យោងតាមលោកឯកអគ្គរដ្ឋទូតរូបនេះបានឱ្យដឹងថា វៀតណាម និងសហរដ្ឋអាមេរិក បានពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច សន្តិសុខការពារជាតិ វប្បធម៌ និងការអប់រំ ចាប់តាំងពីមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ពួកគេឡើងវិញក្នុងឆ្នាំ ១៩៩៥ មក។

នាយកប្រតិបត្តិរបស់ PTVN លោកស្រី Claire Yunker បាននិយាយថា អង្គការរបស់លោកបាន អនុវត្តន៍គម្រោងការដោះគ្រាប់បែក និងគ្រាប់មីន ព្រមទាំងសកម្មភាពមនុស្សធម៌ផ្សេងៗទៀតចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ១៩៩៥ មក នឹងបានចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងបន្ថែមទៀតក្នុងការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រជាជន និងប្រជាជនរបស់វៀតណាម និងសហរដ្ឋអាមេរិក។ លោកស្រីបាននិយាយន្ថែមថា PTVN នឹងបន្តសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសវៀតណាមនាពេលខាងមុខនេះ។

នេះគឺជាអង្គការក្រៅរដ្ឋាភិបាលដំបូងគេនៅសហរដ្ឋអាមេរិក ដែលទទួលបានសិទ្ធិក្នុងការរុករក និងបោសសំអាតគ្រាប់បែក គ្រាប់មីន និងគ្រឿងផ្ទុះនៅក្នុងប្រទេសវៀតណាម។ នៅក្នុងព្រឹត្តិការណ៍នេះអតីតយុទ្ធជនសង្រ្គាមវៀតណាម និងអាម៉េរិក បានពិភាក្សាគ្នាអំពីគំនិតផ្តួច ផ្តើមនានា ដើម្បីជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងកិច្ចអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងប្រទេសទាំងពីរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)