វៀតណាមចូលរួមកិច្ចសន្ទនាសកលលោក CSIS ឆ្នាំ ២០១៩ នៅក្នុងប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចសន្ទនាសកលលោក CSIS ឆ្នាំ​២០១៩ ដែលបានធ្វើពិធីបើកនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

ប្រធានគណៈប្រតិភូវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga បាននិយាយថា ប្រធានបទនៃព្រឹត្តិការណ៍នេះ គឺព្រំដែននៃការទាញយកបច្ចេកវិទ្យា៖ ការរចនាឡើងវិញនូវស្ថាបត្យកម្មជាតិ តំបន់ និងសកលលោក ដែលមានភាពពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្មលើកទី៤ និង  បច្ចេកវិទ្យាឌីជីថលនៅក្នុងតំបន់ និងពិភពលោក។

លោកស្រី Nga ដែលជាអនុប្រធានគណៈកម្មាធិការជាតិ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច       ប៉ាស៊ីហ្វិក (VNCPEC) បាននិយាយថា គណៈប្រតិភូវៀតណាមកំពុងចូលរួមព្រឹត្តិការណ៍នេះដើម្បីបង្ហាញអំពីចំណាប់អារម្មណ៍របស់ប្រទេសក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាទំនើបសម្រាប់ការអភិវឌ្ឍជាតិ។

លោកស្រី Nga បាននិយាយថា គណៈប្រតិភូវៀតណាមក៏នឹងឆ្លៀតយកឱកាសនេះដើម្បីពិភាក្សាជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វិក (PECC) និងសមាជិករបស់ខ្លួន នូវបញ្ហាមួយចំនួនដែលកំពុងមានការព្រួយបារម្ភរួមគ្នាក្នុងការរៀបចំសម្រាប់តួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២០-២០២១ ខាងមុខនេះ។

លោកស្រីបាននិយាយបន្ថែមថា គណៈប្រតិភូគ្រោងនឹងបើកកិច្ចប្រជុំក្រៅផ្លូវការ ស្តីពីបញ្ហាជាក់លាក់ជាមួយអ្នកនយោបាយ មជ្ឈមណ្ឌលស្រាវជ្រាវ និងទីភ្នាក់ងាររបស់ប្រទេសជាម្ចាស់ផ្ទះ ដើម្បីពង្រឹងមិត្តភាពវៀតណាម – ឥណ្ឌូណេស៊ី ជាពិសេសនៅពេលដែលប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពជាច្រើនដើម្បីប្រារព្ធពិធីរំលឹកខួប ៦០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក ហូជីមិញនិងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ស៊ូកាណូ ក្នុងឆ្នាំ ២០១៩ និងខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនៅក្នុងឆ្នាំ ២០២០ ខាងមុខនេះផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)