កិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ -នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ាង ស៊ីណេត អភិបាលស្ដីទី នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ។

លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិរបស់ប្រទេសយើង ប្រជាពលរដ្ឋនៅទូទាំងប្រទេស បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ បុណ្យកាន់បិណ្ឌឆ្នាំនេះ បានចាប់ផ្ដើមពីថ្ងៃ ១រោច រហូតដល់ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០១៩ខាងមុខនេះ។ ដូច្នេះគ្រប់មន្ទីរ អង្គភាព ពិសេសកងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ  សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរឱ្យបានល្អ បង្កបរិយា កាសសប្បាយរីករាយ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅតាមបណ្តាវត្តអារាមនានា ។

លោកអភិបាលស្ដីទីខេត្តព្រះសីហនុ បានបន្តថា បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ត្រូវចូលរួមឱ្យបានអធិកអធមគ្រប់ៗគ្នា ទៅតាមសទ្ធាជ្រះថ្លា និងអនុមោទនាទទួលមគ្គផល កុសលបុណ្យ ឧទ្ទិសជូនដល់បុព្វការីជន ជីដូន ជីតា ដើម្បីសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នានៅតាមបណ្តាវត្តអារាមទូទាំងប្រទេស។ ជាពិសេសនៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ និងធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អ ក្នុងឱកាសពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ។ ទន្ទឹមនោះត្រូវត្រួតពិនិត្យ និងផ្សព្វផ្សាយការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅទូទាំងប្រទេសផងដែរ ។
សូមរម្លឹកថា នៅទូទាំងខេត្តព្រះសីហនុ មានក្រុង០២ និងស្រុកចំនួន០៣  ដែលមានវត្តចំនួន ៣៩ ៕

ដោយ ងូ សុមុនី