វៀតណាមប្រារព្ធសន្និសីទថ្នាក់ជាតិស្តីពីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព 

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងទី១២ ខែកញ្ញា ឆ្នាំ២០១៩ សន្និសីទថ្នាក់ជាតិស្តីពីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រចាំឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមប្រធានបទ « សម្រាប់ទសវត្សរ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព» ដោយមានការប្រមូលផ្តុំថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង វិស័យនានា ខេត្ត សមាគម និងក្រុមហ៊ុនធុរកិច្ច។

ព្រឹត្តិការណ៍នេះមានគោលបំណងស្វែងរកវិធានការជាក់ស្តែង និងមានប្រសិទ្ធភាពនានា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស កសាងសេដ្ឋកិច្ចមិនបំភាយឧស្ម័ន នឹងលើកកម្ពស់គំរូនៃសេដ្ឋកិច្ចប្រកបដោយចីរភាពដើម្បីជួយបង្កើនការប្រកួតប្រជែងរបស់វិស័យឯកជន។ ដំណោះស្រាយនានាត្រូវបានគេរំពឹងទុកថា នឹងរួមចំណែកដល់ការកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍      សេដ្ឋកិច្ច – សង្គមសម្រាប់រយៈពេលពីឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យ និងគោលនយោបាយថ្មីៗ ដើម្បីនាំប្រទេសវៀតណាមឱ្យសម្រេចបាននូវទសវត្សរ៍ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅក្នុងសន្និសីទនេះ អ្នកចូលរួមបានពិភាក្សាអំពីប្រធានបទទាក់ទងនឹងកិច្ចអភិវឌ្ឍនៃរង្វង់សេដ្ឋកិច្ចនៅទសវត្សរ៍ក្រោយ ព្រមទាំងគំរូនៃកំណើនអន្តរវិស័យ និងការផ្លាស់ប្តូរជាគោលការណ៍នៃការប្រើប្រាស់វត្ថុសម្ភារៈ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (PPP) និងធនធានមនុស្ស។

ប្រធាន និងជាអ្នកតំណាងមកពីក្រុមប្រឹក្សាធុរកិច្ចវៀតណាមសម្រាប់កិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព (VBCSD) ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) លោក Vu Tien Loc បាននិយាយថា ដើម្បីទាក់ទាញធនធានបន្ថែមទៀតពីវិស័យឯកជនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបំពេញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) វាចាំបាច់ក្នុងការជំរុញការពង្រីកភាពជាដៃគូរវាង       វិស័យសាធារណៈ និងវិស័យឯកជន។

លោកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការចេញច្បាប់វិនិយោគ PPP ដើម្បីធ្វើកំណែទម្រង់គំរូ PPP ដោយលោកបាននិយាយបន្ថែមថា បណ្តាទីភ្នាក់ងារគ្រប់គ្រងរបស់រដ្ឋទាំងឡាយគួរតែផ្លាស់ប្តូរវិធី       សាស្ត្រគ្រប់គ្រង នឹងបង្កើនសមត្ថភាពក្នុងការផ្តល់លក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សកម្មភាព   វិនិយោគនៅក្នុងទម្រង់ PPP ដើម្បីទាក់ទាញការវិនិយោគថ្មីៗ។

សន្និសីទថ្នាក់ជាតិស្តីពី កិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រចាំឆ្នាំ២០១៩ នេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នឹងការលើកកម្ពស់ការប្រកួតប្រជែងដោយសម្របសម្រួលជាមួយ VCCI និងធនាគារពិភពលោក (WB)៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)