កម្ពុជា និងសភាពាណិជ្ជកម្មអ៊ឺរ៉ុប ប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិត ផលក្លែងក្លាយ នៅព្រះរាជាណាចក្រកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ ១២ ០៩ ២០១៩ ៖

កម្ពុជា និងសភាពាណិជ្ជកម្មអ៊ឺរ៉ុប ប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែក ចាយ នូវផលិតផលក្លែងក្លាយ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារអ្នកវិនិយោគសុច្ចរិត និង សហ
គ្រាស ទាំង ឡាយដែលស្របច្បាប់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្តល់សុវត្ថិភាព សុខភាពដល់ប្រជាជន
កម្ពុជា។
ថ្លែងក្នុងកម្មពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាហៅកាត់ថា(MOU) រវាង គណៈ កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំនៅកម្ពុជា នៅទីស្ដីការក្រសួង មហា ផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខា ធិការ ក្រសួង មហា ផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានឲ្យដឹងថា បញ្ហាឱសថ ក្លែងក្លាយ ឱសថអន់គុណភាព ការរក្សាទុក និងបាត់បង់ប្រសិទ្ធភាពឱសថ បញ្ហាចំណីអាហារខូចគុណភាព ដែលមានផ្ទុកសារធាតុគីមីពុល ការលួចចំលងផលិតផល ការរំលោភកម្មសិទ្ធិបញ្ញាក៏ដូចជាគ្រឿង ឩបភោគ បរិគោគ និងសម្ភារៈប្រើប្រាស់ក្លែងក្លាយ គឺសុទ្ធសឹងជាបញ្ហា ដែលកំពុងកើតមាន និងបានញាំញី គំរាមកំហែង ដល់សុខភាព អាយុជីវិតប្រជាជនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម បញ្ជាក់ថា បញ្ហានេះតម្រូវឲ្យមានការចាត់វិធានការ បង្កើតយន្ដការចម្រុះ និងធ្វើកិច្ចសហប្រិតិបត្តិការទាំងថ្នាក់តំបន់ និងសកល និងអនុវត្តឲ្យមានប្រសិទ្ធភាព នៃច្បាប់ជាតិ និងសន្ធិសញ្ញាអន្ដរជាតិ មានការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័ ដើម្បីប្រយុទ្ធប្រឆាំង និងសកម្មភាព ល្មើសច្បាប់ទាំងនេះឲ្យមានប្រសិទ្ធភាព និងដាក់ទោសទណ្ឌដល់ឧក្រិដ្ឋជនឲ្យបានធ្ងន់ធ្ងរតាមស្ថានទំងន់ទោស ដែលចែងក្នុងច្បាប់។
សំឡេង៖ ការបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាតឹកតាងបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើសុខទុក្ខក៏ដូចជាសុខភាពសុខមាលភាពរបស់ប្រជាពល
រដ្ឋ ការចូលរួមរបស់សភាពាណិជ្ជកម្មអឺរ៉ុបដូចក្នុងសន្ទរកថាដែល បានលើកឡើងដោយ អានូដាក់ ដែលជាសភាពាណិជ្ជកម្មអឺរ៉ុប អំពីឆន្ទៈអំពីបំណងក្នុងការសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ដែលមានការទទួលខុសត្រូវក្នុងការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនិងផលិតផលក្លែងក្លាយនេះគឺជាកាយវិការមួយដែលស្វាគមន៍ដោយរដ្ឋាភិបាល ដែលស្វាគមន៍ដោយសម្ដេចក្រឡាហោមដំណាងក្រសួងមហាផ្ទៃក៏ដូចជាគណៈកម្មាធិការ ដូច្នេះហើយទើបចាត់ឲ្យមានជាឯកសារដែលយើងបាន
ព្រាងឡើងនេះជាអនុស្សារណៈដែលហៅកាត់ថា MOUលើការធ្វើកិច្ចសហប្រតិបត្តិការនេះ។
ឯកឧត្តម មៀច សុផាន់ណា បានឲ្យដឹងទៀតថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា ក្នុងគោលបំណងធ្វើកិច្ចសហប្រិតិបត្តិការ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផលខូចគុណភាព ផលិតផលហួសកាលបរិច្ឆេទ និងផលិតផលបំពានច្បាប់ដ៏ទៃទៀតនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបន្ថែមថា កិច្ចសហប្រិតបត្តិការនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ គឺថែមទាំងការពារសុខុមាលភាពប្រជាពលរដ្ឋ និងដើម្បីការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែលប្រកបមុខរបរស្របច្បាប់ លើកទឹកចិត្តការប្រកួតប្រជែងដោយភាពត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា ត្រូវបានសម្ពោធ និងបង្កើតឡើងកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០១១ នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍ធុរកិច្ចអ៊ឺរ៉ុបដែលកំពុងប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពជា ដើម្បីសម្រួលដល់ក្រុមហ៊ុនអ៊ឺរ៉ុបមកទីផ្សារកម្ពុជា និងបង្កើតបណ្ដាញគាំទ្រឲ្យបានទួលំទូលាយ ក្នុងចំណោមសមាជិកក្រុមហ៊ុនរបស់ខ្លួន ខណៈដែលបច្ចុប្បន្នសភាពាណិជ្ជកម្មអ៊ឺរ៉ុប នៅកម្ពុជាមានក្រុមហ៊ុន ៣៤៧ ជាសមាជិក។