ក្រសួងអប់រំ បានបង្កើតគណៈកម្មការពិនិត្យនិងដោះស្រាយការតវ៉ារបស់បេក្ខជន ជុំវិញករណីបេក្ខជនមិនពេញចិត្តលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី ១២ កញ្ញា ២០១៩៖


ក្រសួងអប់រំ យុជន និងកីឡា បានប្រកាសថា បេក្ខជនណា ដែលមិនពេញចិត្តលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ខ្លួន អាចមកដាក់ពាក្យតវ៉ាបាន ដើម្បីស្នើឲ្យមានការពិនិត្យឡើងវិញ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុជន និងកីឡា ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ដើម្បីជាការឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនមួយចំនួនតូច ចំពោះលទ្ធផលនៃការប្រឡងឆ្នាំសិក្សា២០១៩កន្លងទៅនេះ ក្រសួងបានបង្កើត គណៈកម្មការពិនិត្យនិងដោះស្រាយការតវ៉ារបស់បេក្ខជន ដើម្បីពិនិត្យនិងដោះស្រាយករណីបេក្ខជន និងអាណាព្យាបាល មានសេចក្ដីទុកចិត្តនិងទទួលយកលទ្ធផលនៃការប្រឡង។ ក្នុងករណី បេក្ខជនមួយចំនួនបានតវ៉ាពុំសុខចិត្តលើលទ្ធផល “ធ្លាក់” ប៉ុន្តែក៏មានបេក្ខជនមួយចំនួនទៀតពុំសុខចិត្ត ដោយសារទទួលបាននិទ្ទេសត្រឹម “B” ឬ “C” ហើយទាមទារយកនិទ្ទេស“A” ។
ក្រសួង បានរំលឹកដល់បេក្ខជនទាំងអស់ថា លទ្ធផលប្រលងឆ្លុះបញ្ចាំងសារៈសំខាន់បីយ៉ាងគឺ ទី១. អ្នកចេះគឺជាប់ ទី២. ការប្រឡងបានប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ច្បាប់ និងភាពទទួលយកបាន និងទី៣. លទ្ធផលប្រលងពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ ប៉ុន្តែជាការវាស់ស្ទង់សមត្ថភាព និងជំរុញឲ្យមានការខិតខំប្រឹងបន្តទៅមុខ ទៀត។ ក្នុងចំណោមបេក្ខជនដែលមានវត្តមានក្នុងការប្រឡងចំនួន ១១៥២០៨នាក់ មានតែបេក្ខជន ចំនួន ៧៩០៥២នាក់ ប៉ុណ្ណោះដែលប្រលងជាប់ ស្មើនឹង ៦៨,៦២ភាគរយ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ មានបេក្ខជនប្រឡង បាក់ឌុបមួយក្រុម បាននាំគ្នាតវ៉ានៅមុខក្រសួងអប់រំ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប សម័យប្រឡង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩៕