គ.ជ.ប គ្រោងចុះឈ្មោះបេក្ខជនគណបក្សតាមប្រព័ន្ធកុំព្យូទ័រសម្រាប់ការបោះឆ្នោតលើកក្រោយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសថា

នឹងធ្វើការចុះបញ្ជីគណបក្ស និងឈ្មោះបេក្ខជនគណបក្សនយោបាយតាមប្រព័ន្ធកុំព្យូទ័រសម្រាប់ការបោះឆ្នោតនាអាណត្តិក្រោយដើម្បីគ្រប់គ្រងព័ត៌មានឲ្យកាន់តែមានភាពច្បាស់លាស់។  ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជអ្នកនាំពាក្យគ.ជ.បមានប្រសាសន៍ថា គ.ជ.ប មានគម្រោងចុះបញ្ជីគណបក្សនយោបាយនិងឈ្មោះបេក្ខជនគណបក្សនយោបាយក្នុងដំណាក់កាលប្រកួតប្រជែងតាមប្រព័ន្ធកុំព្យូទ័របន្ទាប់ពីការកត់ត្រាដោយដៃនាពេលកន្លងមក

មានការពិបាកក្នុងការគ្រប់គ្រងទិន្នន័យ និងព័ត៌មានរបស់គណបក្សនិងបេក្ខជនឈរឈ្មោះនីមួយៗ។

គម្រោងកែលម្អនីតិវិធីលើដំណើរការចុះបញ្ជីនេះ

ធ្វើឡើងបន្ទាប់ពីអនុវត្តដោយជោគជ័យនូវការពិនិត្យបញ្ជីឈ្មោះ

និងការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ បើទោះជា គ.ជ.បមិនទាន់មានលទ្ធភាពប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ដំណើរការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតដូចបណ្តាប្រទេសមួយចំនួនដែលគេកំពុងអនុវត្តនៅក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មានវិទ្យានេះក្តី។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយត្រឡប់មកពីចូលរួមសន្និសីទអន្តរជាតិនៅប្រទេសរុស្ស៊ីស្តីពីការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ឯកឧត្តម ហង្សពុទ្ធា បានបញ្ជាក់ថា ស្ថានភាព និងធនធានរបស់គ.ជ.ប ក្នុងពេលបច្ចុប្បន្នមិនទាន់មានលទ្ធភាពឈានទៅប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់រៀបចំដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាននៅឡើយទេដោយធ្វើបានត្រឹមការចុះឈ្មោះអ្នកបោះឆ្នោតនិងបេក្ខជនចូលរួមដំណ្តើមសន្លឹកឆ្នោតនិងទិន្នន័យផ្សេងៗមួយចំនួនតាមប្រព័ន្ធកុំព្យូទ័រតែប៉ុណ្ណោះ។

ឯកឧត្តម បានឲ្យដឹងថាសូម្បីតែការបោះឆ្នោតនៅសភាជាន់ទាបរបស់ប្រទេសរុស្ស៊ី ដែលគណៈប្រតិភូ គ.ជ.បបានចូលរួមសង្កេតការណ៍ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោតនេះក៏មិនទាន់មានការប្រើប្រាស់ប្រព័ន្ធឌីជីថលពេញលេញនោះដែរ  ដោយការអនុវត្តនេះប្រើត្រឹមតែពាក់កណ្តាលនៃប្រព័ន្ធឌីជីថល សម្រាប់ដំណើរការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតប៉ុណ្ណោះ។

សូមបញ្ជាក់ថា គ.ជ.ប បានអនុវត្តការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រជាលើកដំបូងនៅឆ្នាំ២០១៦ចំពោះប្រជាពលរដ្ឋខ្មែរមិនទាន់បានចុះឈ្មោះបោះឆ្នោតអ្នកទើបគ្រប់អាយុ១៨ឆ្នាំ អ្នកមរណភាពអ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន អ្នកផ្លាស់ប្តូរលំនៅឋានការកែតម្រូវឈ្មោះឬទិន្នន័យអ្នកបោះឆ្នោត

សំដៅធានាឲ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ភាពត្រឹមត្រូវនិងមានបច្ចុប្បន្នភាព។ ជាមួយគ្នានេះ ក៏បានប្រើប្រាស់ ប្រព័ន្ធកុំព្យូទ័រនិងអ៊ិនធើណេត សម្រាប់ការបញ្ជូនទិន្នន័យនៃលទ្ធផលបោះឆ្នោតតាមដំណាក់កាលនីមួយៗផងដែរ៕