ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន នាំយកអំណោយចែកជូនប្រជាពលរដ្ឋ នៅតំបន់ក្បាលឆាយ

AKP ព្រះសីហនុ ថ្ងៃទី១១ ​ខែកញ្ញា ឆ្នាំ២០១៩ -នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់អាជ្ញាធរខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥៥គ្រួសារ ដែលរស់នៅតំបន់ក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានមានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋថា ដោយសាររដូវនេះជារដូវភ្លៀងប្រឈមនឹងការលំបាកក្នុងការងាររកស៊ី ទន្ទឹមនេះត្រូវថែទាំសុខភាពកូន ចៅ ត្រូវដេកក្នុងមុង ផឹកទឹកស្អាត ចៀសវាងពីជំងឺផ្សេងៗ រដ្ឋបាលខេត្តតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ គឺធ្វើយ៉ាងណាជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងដោយយើងមិនបានដឹងនោះទេ ។ ថ្វីត្បិតតែអំណោយនេះមិនអាចជួយតាមតម្រូវការប្រជាពករដ្ឋក៏ពិតមែន ប៉ុន្តែវាអាចជួយដោះស្រាយបានរយៈផងដែរ ។

អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋទាំង ៥៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៤០គីឡូក្រាម ត្រីខកំប៉ុង ១យួរ មី ១២កំប៉ុង ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ស័ង្កសី ៣ម៉ែត្រ ២០សន្លឹក តង់ ៦×៨ ចំនួន ២ ទឹកបរិសុទ្ធ ៥កេស និងថវិកា ២០ម៉ឺន រៀល ៕

ដោយ ងូ សុមុនី