កម្ពុជាពន្លឿនការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ យី វិច្ឆិកា ១០ ០៩ ២០១៩

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពន្លឿននីតិវិធី លើការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា ដើម្បីប្រញាប់ដាក់អោយប្រើប្រាស់ជាប្រយោជន៍សម្រាប់សង្គមជាតិ។
យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអោយដឹងថា ប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ក្រុមអង្គការសង្គមស៊ីវិល ក្នុងការដឹកនាំនិងសម្របសម្រួលតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា ឲស្របតាមគោលការណ៍ទីក្រុងប៉ារីស ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣ ។
សេចក្តីបានអោយដឹងថា ការពន្លឿនការតាក់តែងសេចក្តីព្រាងច្បាប់នេះ ដោយសារតែ
ក្នុងរយៈពេល១៣ឆ្នាំកន្លងមកដំណើរការតាក់តែងនិងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះមិនទាន់ឈានដល់ចំណុចឯកភាពគ្នាទាំងស្រុងនៅឡើយ ។
យោងតាមសេចក្តីជូនដំណឹងបានបន្តថា ដើម្បីពន្លឿនការតាក់តែងសេចក្តីព្រាងច្បាប់នេះទៅតាមផែនការដែលបានគ្រោងទុក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដឹកនាំនិងសម្របសម្រួល រៀបចំសេចក្តីព្រាងច្បាប់នេះ ឱ្យបានត្រឹមត្រូវតាមទម្រង់និងខ្លឹមសារច្បាប់ជាតិនិងអន្តរជាតិព្រមទាំងពន្លឿននីតិវិធីដើម្បីពិភាក្សានិងពិគ្រោះយោបល់ឈានទៅរកការអនុម័តច្បាប់នេះ នៅពេលឆាប់។
ប្រភពបន្តថា ការបង្កើតសេចក្តីព្រាងច្បាប់នេះគឺស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ព្រោះតួនាទីរបស់ស្ថាប័នសិទ្ធិមនុស្សជាតិស្របតាមអនុសាសន៍នៃរបាយការណ៍ UPR ប្រមុខរាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូន ។

សូមបញ្ជាក់ថា ក្រោយពីការរៀបចំសេចក្តីព្រាងច្បាប់នោះហើយគណៈកម្មការសិទ្ធិមនុស្សកម្ពុជានិងទទួលការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលធាតុចូលដើម្បីធ្វើការរៀបចំតាក់តែងច្បាប់នេះកាន់តែប្រសើរឡើងផងដែរ ៕