នាវាទេសចរណ៍ GENTING DREAM  នាំភ្ញៀវទេសចរជាង ៥.០០០នាក់  មកធ្វើទស្សនកិច្ចនៅកម្ពុជាតាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ  ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្មាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នាវាទេសចរណ៍បរទេសប្រភេទយក្សមួយគ្រឿងមានឈ្មោះ GENTING DREAM  បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៥.០០០នាក់ មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព មុននឹងចាកចេញទៅកាន់ប្រទេសថៃ។

តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ GENTING DREAM  មានសញ្ជាតិ BAHAMAS បណ្តោយប្រវែង ៣៣៥.៣៥ម៉ែត្រ ទទឹង ៣៩.៧៦ម៉ែត្រ និងជម្រៅទឹក ៨.៦ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍មកពីប្រទេស MALAYSIA  ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ នាវា GENTING DREAM មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ១៩យប់ថ្ងៃដដែល។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា GENTING DREAM  មានចំនួនសរុប ៣.៥៩៤នាក់ ស្រី ២.០៣៨នាក់ មាន ២៥សញ្ជាតិ  និងមាននាវិកសរុបចំនួន ១.៧៨៤នាក់ ស្រី ៥០៨នាក់ មាន ២៩សញ្ជាតិ។ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរទស្សនា កម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក្នុងទីប្រជុំជនផ្សារ តាមតំបន់មាត់សមុទ្រ ក្រុងព្រះសីហនុ និងតាមតំបន់នេសាទ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ  ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍរីកចម្រើនលើវិស័យសំណង់ មានដូចជា អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់់ ខុនដូរយ៉ាងច្រើនសន្ធឹកសន្ធាប់ នាពេលបច្ចុប្បន្ន។

សូមរម្លឹកថា នេះជានាវាទេសចរណ៍យក្ស ដែលបាននាំភ្ញៀវទេសចរបរទេស ជាច្រើនជាតិសាសន៍ ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខកខានជា ច្រើនខែកន្លងមក ដោយសារ តែរដូវភ្លៀងការធ្វើដំណើរតាមមហាសាគរ (សមុទ្រ) អាចជួបប្រទះនូវហានិភ័យ ហើយនៅរដូវវស្សា និង រដូវប្រាំងខាងមុខកំពង់ផែក្រុងព្រះសីហនុ នឹងទទួលនាវា ទេសចរបរទេសជាច្រើនគ្រឿងបន្ថែមទៀត៕

ដោយ ងូ សុមុនី