សិស្សានុសិស្សនៅខេត្តស្ទឹងត្រែងប្រលងជាប់៨១.៩៣ភាគរយ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.Cៈ ក្នុងសម័យប្រលងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩បេក្ខជននៅខេត្តស្ទឹងត្រែងបានប្រលងជាប់៨១.៩៣% ដែលនេះបានបង្ហាញពីសមត្ថភាពពិតដែលក្រសួងអប់រំបានធ្វើកំណែទម្រង់ តម្រូវឱ្យអ្នកចេះជាប់ អ្នកមិនចេះឬខ្សោយធ្លាក់។

ក្នុងឱកាសបិទផ្សាយ លទ្ធផលប្រលងសញ្ញាបត្រទុតិយភូមិនៅថ្ងៃទី១០ កញ្ញា លោកសុខឈុន នាយករង វិទ្យាល័យព្រះបូជនីយកិច្ចស្ទឹងត្រែង បានបញ្ជាក់ថា៖ ទោះបីខេត្តស្ទឹងត្រែង ឆ្នាំនេះការប្រឡងសិស្សានុ សិស្សមិនទទួលបាននិទ្ទេស A ក៏ដោយ តែលទ្ធផលប្រឡង សិស្សសនុសិស្សបានជាប់
ចំណាត់ថ្នាក់ច្រើន ដែលបង្ហាញឲ្យឃើញច្បាស់ពីសមត្ថភាព របស់ប្អូនៗសិស្សានុសិស្សដែលបានខិតខំរៀនសូត្រ និងការបង្រៀនបានល្អពីលោកគ្រួ អ្នកគ្រូផងដែរ ។
លោកនាយករងបានបន្តថា៖ ខេត្តស្ទឹងត្រែងមានបេក្ខជនប្រឡងចំនួន៥៩២នាក់ ស្រី២៨៥នាក់ ប្រឡងជាប់ ៤៨៥នាក់ ស្រី២៤៨នាក់ បេក្ខជនប្រឡងធ្លាក់មានចំនួនតែ១០៧នាក់តែប៉ុណ្ណោះ ក្នុងនោះ សិស្សប្រឡងជាប់និទ្ទេស B បានចំនួន ២នាក់-និទ្ទេស C ចំនួន២០នាក់-និទ្ទេស Dចំនួន៨៤-និទ្ទេស E ចំនួន៣៧៩នាក់ ។
យុវសិស្ស ឡុង គឹមសុង សិស្ស វិទ្យាល័យព្រះបូជនីយកិច្ចស្ទឹងត្រែង ជាប់ចំណាត់ថ្នាក់និទ្ទេស B បានទទួលស្គាល់ថាៈ សម័យប្រឡងឆ្នាំនេះមិនខុសពីឆ្នាំមុនទេ ការរៀបចំបានល្អប្រសើរ អាចកំណត់បានថា លទ្ធផលប្រឡងគឺជាសមត្ថភាពរបស់សិស្សនិមួយៗ ធ្វើបានល្អទៅតាមសមត្ថភាពដោយមិនមានការលួច ចំលងវិញ្ញាសារអ្វីបានឡើយ ។ យុវសិស្សរូបនេះបន្តថា៖ លទ្ធផលដែលសិស្សានុសិស្សយើងបានប្រឡងជាប់ ពិតជាមានសមត្ថភាព មិនអាចក្លែងបន្លំបាន ហើយសញ្ញាបត្រទុតិយភូមិ បញ្ជាក់ការសិស្សាចេញដោយក្រសួងអប់រំ ប្រគល់មកបេក្ខជននិមួយៗ ជាធនធានសំរាប់យកទៅបំពេញកិច្ចការងារអ្វីផ្សេងៗបានទៅតាមតម្រូវការចាំបាច់ ។
លោកតាន់ សុខភាព តំណាងឱ្យមាតាបីតាសិស្សនៅក្រុងស្ទឹងត្រែងបានសាទរចំពោះគោលនយោបាយក្រសួងអប់រំដែលបានធ្វើកំណែទម្រង់បានល្អ ចាប់តាំងពីការរៀនសូត្ររហូតដល់ ការប្រឡងធ្វើឱ្យកិច្ចការងារក្នុងវិស័យអប់រំ កាន់តែមានតម្លាភាព មានសុក្រិត្យភាព បង្កើតបានធនធានមនុស្សសម្រាប់ទ្រទ្រង់និងឈានទៅដឹកនាំសង្គមជាតិឱ្យកាន់តែមាន ភាពរីកចម្រើនទៅថ្ងៃអនាគត៕