រលកកម្ដៅនៅប្រទេសបារាំងធ្វើឲ្យមនុស្សជិត ១,៥០០នាក់បានស្លាប់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ក្រសួងសុខាភិបាលបារាំង បានប្រកាសថាមានមនុស្ស១,៤៣៥នាក់ បានបាត់បង់ជីវិត ដោយសារតែរលកកម្ដៅនៅក្នុងរដូវក្ដៅនៃឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN កាលពីល្ងាចថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
ក្រសួងសុខាភិបាលបារាំងដដែលបានឲ្យដឹងទៀតថា រលកកម្ដៅនៅឆ្នាំ២០១៩នេះបានវាយប្រហារលើប្រទេសបារាំង និងតំបន់ខ្លះ នៃទ្វីបអឺរ៉ុប ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា និងពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះធ្វើឲ្យអត្រាស្លាប់កំឡុងអាកាសធាតុក្ដៅខ្លាំងទាំងពីរលើកនេះកើនឡើងដល់៩.១ភាគរយ ខ្ពស់ជាងពេលធម្មតា។
សូមបញ្ជាក់ថាប្រទេសបារាំង និងតំបន់ខ្លះនៃទ្វីបអឺរ៉ុប រងការវាយប្រហារដោយរលកកម្ដៅជាប់កំណត់ត្រាថ្មី មួយនៅក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ ដោយសីតុណ្ហភាពហក់ឡើងដល់ ៤៥.៩អង្សាសេ។
ប្រភព៖ សារព័ត៌មាន CNN