វៀតណាមស្ថិតក្នុងចំណោមគោលដៅកំពូល សម្រាប់ការបោកបន្លំនៅតំបន់អាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩​ — យោងតាមក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនសន្តិសុខប្រព័ន្ធអ៊ីនធើណែតក្នុងពិភពលោកបានឱ្យដឹងថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសគោលដៅធំៗទាំងបី សម្រាប់គេហទំព័របោកបន្លំនៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

ស្ថិតិថ្មីៗដែលប្រមូលបានដោយក្រុមហ៊ុន Kaspersky បានបង្ហាញថា អាស៊ីអាគ្នេយ៍នៅតែជាគោលដៅរបស់ឧក្រិដ្ឋជនតាមអ៊ិនធើណែតដែលព្យាយាមឆ្លងចូលបណ្តាញនិងឧបករណ៍នានា តាមរយៈល្បិចសាមញ្ញបំផុត និងមានប្រសិទ្ធភាពបំផុតដែលហៅថា ការបោកបន្លំ។ ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធើណែតនៅក្នុងពិភពលោកមួយនេះបានរកឃើញការប៉ុនប៉ងឆបោកសរុបចំនួន ១៤លានដង ប្រឆាំងនឹងអ្នកប្រើប្រាស់     អ៊ីនធើណែតក្នុងតំបន់នេះក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៩ ។

វាបានបង្ហាញថា មានការព្យាយាមរួមគ្នាជាង ១១លានដង ដែលត្រូវបានរកឃើញពីក្នុងប្រទេសទាំងបីនេះ។ ម៉្យាងទៀតប្រទេសថៃ មានការប៉ុនប៉ងចូលតាមប្រព័ន្ធអ៊ីនធើណែតជិត ១,៥លានដង ខណៈដែលប្រទេសហ្វីលីពីនមានជាងមួយលានដង។ ប្រទេសសិង្ហបុរីបានបង្ហាញថា ការប៉ុនប៉ងនេះមានត្រឹមតែ ៣៥១.៥១០ដងប៉ុណ្ណោះចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ។

ម៉្យាងវិញទៀត ចំណាត់ថ្នាក់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅពេលនិយាយអំពីភាគរយនៃអ្នកប្រើប្រាស់អ៊ីនធើណែត ដែលបានឆ្លងមេរោគដោយការវាយប្រហារបោក      បន្លំ។ នៅក្នុងស្ថិតិឆបោករបស់ក្រុមហ៊ុន Kaspersky សម្រាប់ឆមាសទីមួយនៃឆ្នាំ២០១៩ បានបង្ហាញថា ប្រទេសហ្វីលីពីនមានភាគរយខ្ពស់បំផុតនៃជនរងគ្រោះពីការឆបោក គឺមានចំនួន ១៧,៣ភាគរយ។ កំណើនដែលបានបង្ហាញមានចំនួន ៦៥,៥៦ភាគរយ បើប្រៀបធៀបទៅនឹងទិន្នន័យក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខ្ពស់ជាង ១០,៤៤៩ភាគរយ។

ប្រទេសម៉ាឡេស៊ីទទួលបានពិន្ទុខ្ពស់បំផុតលំដាប់ទី២ ដោយមានអ្នកប្រើប្រាស់ចំនួន ១៥,៨ភាគរយឆ្លងមេរោគតាមរយៈគេហទំព័របោកបន្លំ ដែលកាលពីពាក់កណ្តាលដំបូងកាលពីឆ្នាំមុនមានចំនួនត្រឹម ១១,២ភាគរយ។ ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅលំដាប់បន្ទាប់ដែលមានចំនួន ១៤,៣ភាគរយ ដែលកាលពីឆ្នាំមុនមានចំនួន ១០,៧ភាគរយ ហើយប្រទេសថៃមានចំនួន ១១,៩ភាគរយ ដែលកាលពីឆ្នាំមុនមានចំនួន ១០,៩ភាគរយ និងប្រទេសវៀតណាមស្ថិតនៅបន្ទាប់ដែលមានចំនួន ១១,៧ភាគរយ ដែលកាលពីឆ្នាំមុនមានចំនួន ៩,៤ភាគរយ។ ប្រទេសសិង្ហបុរីបានកត់ត្រា ៥ភាគរយនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹង ៤,១ភាគរយដែលបានប្រកាសកាលពីឆ្នាំមុន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)