បេក្ខជនចំនួន ៧៩០៥២នាក់ ទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា
ភ្នំពេញ៖ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៩នេះ មានបេក្ខជនជាប់ចំនួនជាង៦៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានចំនួនកើនជាង១ភាគរយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ដំណើរការនៃការប្រឡង ទាំងដំណើរការសំណេរ កំណែ និងស្រង់បូកពិន្ទ ដោយកុំព្យូទ័របានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ពុំមានឧបទ្ទវហេតុអ្វីគួរឱ្យកត់សម្គាល់ឡើយ។
ប្រភពបន្ដថា ក្រោយពីស្រង់បូកពិន្ទរួចមក បេក្ខជនប្រឡងជាប់មានចំនួន ៧៩០៥២នាក់ ស្នើនឹង៦៨.៦២% (បើប្រៀបធៀបនឹងឆ្នាំ២០១៨ ចំនួន ៦៧.០៧%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ៤៤៣ នាក់(ឆ្នាំ២០១៨ ចំនួន ៤០៨ នាក់) និទ្ទេស B មាន ចំនួន ២៤៣០នាក់ (ឆ្នាំ២០១៨ ចំនួន ២ ២២២ នាក់)និទេស C មានចំនួន ៥ ៨៤៧ នាក់ (ឆ្នាំ២០១៨ ចំនួន ៦ ០៨១ នាក់) និទ្ទេស D មានចំនួន ១៤ ១០០ នាក់(ឆ្នាំ២០១៨ ចំនួន ១៥ ១៨០ នាក់) និងនិទ្ទេស E មានចំនួន ៥៦២ ៣២ នាក់ (ឆ្នាំ២០១៨ ចំនួន៥២ ១៨៣ នាក់)។
ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤៤៣ នាក់ មកពីរាជធានីភ្នំពេញ ១៤១ នាក់ខេត្តសៀមរាប ៣៨ នាក់ បាត់ដំបង ៣២ នាក់ តាកែវ ២៩ នាក់ កំពង់ចាម ២៧ នាក់ ព្រៃវែង ២៧នាក់ បន្ទាយមានជ័យ ២៥ នាក់ កណ្តាល ២៣ នាក់ កំពត ២៣ នាក់ ត្បូងឃ្មុំ ១៥ នាក់ កំពង់ធំ ១៤នាក់ ព្រះសីហនុ ១៣ នាក់ ស្វាយរៀង ៨ នាក់ ពោធិ៍សាត់ ៧ នាក់ កំពង់ឆ្នាំង ៦ នាក់ កំពង់ស្ពឺ ៦នាក់ ក្រចេះ ៤ នាក់ រតនគិរី ២ នាក់ កោះកុង ១ នាក់ មណ្ឌលគិរី ១ នាក់ និងឧត្តរមានជ័យ ១ នាក់។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៧០៤៣នាក់ ដែលក្នុងនោះ ៩០៩៦៦នាក់ ជាបេក្ខជនចំណេះទូទៅ ១៨៤៥៧នាក់ជាបេក្ខជនស្វៃរិន ៤៥៦៥នាក់ជាបេក្ខជនបំពេញវិជ្ជា និង៣០៥៦នាក់ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា ។ បេក្ខជនអវត្តមានមានចំនួន ១៨៣៥នាក់។
ការប្រកាសលទ្ធផលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ដោយឡែកនៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់ខេត្តដទៃទៀត៕