ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី ០៩ កញ្ញា ២០១៩៖


ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយសារកម្ពុជាយើងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបទាប (ITCZ) ដែលអូស បន្លាយកាត់ពីលើប្រទេសថៃ ភាគខាងត្បូងប្រទេសឡាវ និងភាគ កណ្តាលប្រទេសវៀតណាម និងឥទ្ធិពលនៃខ្យល់មូសុងនីរតីមធ្យម។
សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថាចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ អាកាសធាតុនៅក្នុងប្រទេសកម្ពុជានឹងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ដោយចាប់ពីថ្ងៃទី០៩ដល់ថ្ងៃ១១ ខែកញ្ញា បណ្តាខេត្ត និងរាជធានីនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងនោះអាចមានផ្នែកខ្លះនៃបណ្តាខេត្តជាប់ប្រទេសវៀតណាម ដែលអាចមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី ១២ដល់ថ្ងៃ១៥ ខែកញ្ញា និងបណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន។
ក្រសួងជំនាញបានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕