លោកជំទាវឈឹម ពៅ សុកាន់ឌី​ ណែនាំឲ្យប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់បន្តថែរក្សាសុខភាពនិងបង្កើនការប្រុងប្រយ័ត្ន​ខ្ពស់​

វិទ្យុជាតិកម្ពុជា៖ដោយលោក ហុក សុខរិន៖


លោកជំទាវឈឹម ពៅសុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំពង្រ សុ្រកកោះសូទិន ខេត្តកំពង់ចាមបាន ណែនាំឲ្យប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ទន្លេមេគង្គ បន្តថែរក្សាសុខភាព ដើម្បីធានាការពារកុំអោយកើតមានជម្ងឺផ្សេងៗក្នុងអំឡុងរដូវទឹកឡើងនេះ។
កាណែនាំរបស់លោកជំទាវឈឹម ពៅសុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំពង្រ សុ្រកកោះសូទិន ខេត្តកំពង់ចាមបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ខែកញ្ញានេះ ក្នុងពេលដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ មានអង្ករ មី ត្រីខ និងថវិកាដើម្បី
ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៧០គ្រួសារដែលកំពុងរស់នៅលើទីទួលសុវត្ថិភាព ស្ថិតនៅបរិ វេណវត្តទួលឃ្លាំង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
លោកជំទាវអគ្គនាយិកាបានមាន ប្រសាសន៍ថា ការចុះសួរសុខទុក្ខនិងនាំយកជំនួយមនុស្សធម៌ទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងនេះ គឺដើម្បីជួយសម្រាលការហូបចុកក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត ខណៈរដូវទឹកជំនន់នេះប្រជាពលរដ្ឋប្រឈមការលំបាកជាច្រើន និងមិនអាចចេញទៅប្រកបរបរចិញ្ចឹមជីវិតបាន។
នៅក្នុងឱកាសនោះ លោកជំទាវបានណែនាំអោយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំងអស់ត្រូវរស់នៅស្អាត បរិភោគអាហារដែលមានអនាម័យត្រឹមត្រូវ និងការបរិភោគទឹកដាំពុះ ដើម្បីបង្កាកុំឲ្យកើតមានជំងឺរាករូស និងជម្ងឺរាតត្បាតនានា។ បន្ថែមពីនេះទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជនចាស់ជរា ពិសេសកុមារកំុអោយងូតទឹកឬលេងទឹកតែម្នាក់ឯង ដែលងាយប្រឈមគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ លោកជំទាវបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺឬពស់ចឹកត្រូវរួសរាន់ទៅកាន់មណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីអោយក្រុមគ្រូពេទ្យបានពិនិត្យព្យាបាលបានទាន់ពេលវេលានិងឆាប់ជាសៈស្បើយ។

លោកឃឹម ប៉ោទៀង មេឃុំពង្រ ស្រុកកោះសូទិនខេត្តកំពង់ចាម បានអោយដឹងថា ប្រជាពលរដ្ឋជាង៧០គ្រួសាររងគ្រោះដោយគ្រោះទឹកជំនន់នេះមកពីភូមិកំពុងឪច្រឹង ខណៈដែលភូមិនេះបានលិចលុងទាំងស្រុង។ លោកបានបញ្ជាក់ថា នៅលើទីតួលសុវត្ថិភាពអាជ្ញាធរបានផ្តល់សេវាជួយប្រជាពលរដ្ឋរងគ្រោះជាច្រើន ដូចជាការដាក់ប៉ុស្តិ៍សុខភាព ការដាក់កម្លាំងការពារសន្តិសុខ ជួយរៀបចំក
កន្លែងស្នាក់នៅបណ្តោះអាសន្ន និងសេវាមួយចំនួនទៀតដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។

អ្នកស្រី គី អៀន ដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ទន្លេមេគង្គស្ថិតនៅភូមិ កំពង់ឪច្រឹង បានចាត់ទុកការផ្តល់អំណោយមនុស្សធម៌ទាំងនេះថាបានជួយដោះស្រាយការលំបាកជាបន្ទាន់របស់ជនរងគ្រោះ។

សូមបញ្ជាក់ថា ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានភូមិចំនួន៦ហើយបានលិចលុង ខណៈ ភូមិកំពង់ឪច្រឹងលិចលុងខ្លាំងជាងជាងគេ៕