ប្រជាពល រដ្ឋ នៅខេត្តស្ទឹងត្រែងជាង៧០០០ គ្រួសារ រងផលប៉ះពីទឹកជំនន់មេគង្គ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន  គឹមហឿន ខេត្តស្ទឹងត្រែង ៖

ជំនន់ទឹកទន្លេ មេគង្គឡើងដល់កម្ពស់ជាង១២ម៉ែត្រ នៅខេត្តស្ទឹងត្រែង បានបង្កផលប៉ះពាល់ ការរស់នៅរបស់ប្រជាពល រដ្ឋជាង៧០០០គ្រូសារ ក្នុងនោះប្រជាពលរដ្ឋជាង២០០០គ្រួសារ  បានសម្រេចចិត្ត ជម្លៀសទៅរកទីទួលសុវត្ថិភាពនិងប៉ះពាល់ផ្ទៃដីបង្កបង្កើនផលជាង៦៥០០ហិកតា។

លោកប៉ាងប៉េង ប្រធានមន្ទីរធន ធានទឹកនិងឧត្តុនិយមខេត្ត បានអោយដឹងថា៖ឆ្នាំ២០១៩នេះទឹកជំនន់មេគង្គបានឡើងខ្ពស់ជាង ឆ្នាំ២០១៨ បង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋរស់នៅតាមភូមិ ចំនួន៩៩មានភូមិសាស្ត្រតាម

ដងទន្លេមេគង្គ- ទន្លេសេសាន- ទន្លេសេកុង- ទន្លេស្រែពក – លិចផលដំណាំ ផ្ទះសម្បែង និងប្រជាពលរដ្ឋមួយចំនួនត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាពផងដែរ។

លោកបន្តថា៖នៅខេត្តស្ទឹងត្រែងបានកំណត់កម្ពស់ទឹក១០ម៉ែត្រ៧០ ប្រកាសឱ្យប្រុងប្រយ័ត្ន ហើយអាជ្ញាធរនិងប្រជាពលរដ្ឋបានត្រៀមបំរុងគ្រប់បែបយ៉ាង ដើម្បីបង្ការ គ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ ទឹកជំនន់មេគង្គនេះ។

លោក បន្តថាៈ កាលពីឆ្នាំ២០១៨ គ្រោះធម្មជាតិទឹកជំនន់បានគំរាមកំហែងស្រុកសៀមប៉ាង ខ្លាំងជាងគេព្រោះបានរងផលប៉ះពាល់ពីការបាក់ទំនប់វារីអគ្គិសនីសេពានសេណាមណយពីប្រទេសឡាវ មកផង។

នៅឆ្នាំ២០១៩នេះទឹកជំនន់មេគង្គប៉ះពាល់ស្រុកបូរីអូរស្វាយខ្លាំងជាងគេ បន្ទាប់មកមានក្រុងស្ទឹងត្រែង ស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងស្រុកសៀមប៉ាង។

លោកលី មីណា អភិបាលស្រុកបូរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា៖ឆ្នាំ២០១៩នេះប្រជាពលរដ្ឋនៅស្រុកនេះរងផលប៉ះពាល់ខ្លាំងជាងគេព្រោះ ពួកគាត់ភាគច្រើន រស់ នៅជាតំបន់វាលទំនាបនិងនៅលើកោះ។

លោកថា៖ក្នុងចំណោមប្រជាពលរដ្ឋ២.៩១៦គ្រួសារមានប្រជាពលរដ្ឋត្រូវចាកចេញពីផ្ទះសម្បែងទៅទីទួលសុវត្ថិភាពចំនួន១.១០៦គ្រួសារ។

សូមបញ្ជាក់ថា៖គ្រោះមហន្តរាយទឹកជំនន់ឆ្នាំនេះបង្កផលប៉ះពាល់ដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងទាំង៦ក្រុងស្រុកគិតជាគ្រួសារមាន៧.៩៦២គ្រួសារ ជម្លៀស ទៅទីទួលសុវត្ថិភាព២.២១០គ្រួសារ ប៉ះពាល់ផ្ទៃដីបង្កបង្កើនផល៧.១៩០ហិកតានិងហេដ្ឋារចនាសម្ព័ន្ធផ្សេងមួយចំនួនទៀត៕