ក្រសួងវប្បធម៌ ពង្រឹងសមត្ថភាព និងសកម្មភាពមន្ត្រីគ្រប់គ្រងឧស្សាហកម្មភាពយន្ត និងមន្ត្រីដែលផ្តល់សេវាសាធារណៈ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ០៧ ០៩ ១៩

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពង្រឹងសមត្ថភាព និងសកម្មភាពមន្ត្រីគ្រប់គ្រងឧស្សាហកម្មភាពយន្ត ដើម្បីលើកកម្ពស់វិស័យភាពនៅកម្ពុជាកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំឲ្យមន្ត្រីគ្រប់គ្រងត្រួតពិនិត្យឧស្សាហកម្មភាពយន្ត និងមន្ត្រីនៅតាមមូលដ្ឋាន ត្រូវបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍នានា ដើម្បីយកទៅប្រើប្រាស់ឲ្យចំគោលដៅ សំដៅលើកកម្ពស់ប្រសិទ្ធការងារគ្រប់គ្រងវិស័យភាពយន្ត និងការផ្តល់សេវាសាធារណៈ លើវិស័យភាពយន្តឲ្យកាន់តែមានភាពល្អប្រសើរជូនប្រជាពលរដ្ឋ។
ក្នុងសិក្ខាសាលាស្ដីពីការពង្រឹង សមត្ថភាពមន្ដ្រីគ្រប់គ្រងត្រួតពិនិត្យ ឧស្សាហកម្មភាពយន្ដ កាលពីថ្ងៃទី៦ ខែកញ្ញា ឯកឧត្ដមបានបញ្ជាក់ថា ការពង្រឹងសមត្ថភាព និងសកម្មភាពនេះ ដើម្បីធ្វើយ៉ាងណាពង្រឹងការងារគ្រប់គ្រងវិស័យភាពយន្តនៅកម្ពុជាឲ្យមានប្រសិទ្ធិភាព និងសំដៅធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពជឿទុកចិត្ត ក្នុងផ្តល់សេវាសាធារណៈ លើវិស័យភាពយន្តឲ្យកាន់តែល្អប្រសើរឡើង ខណៈដែលបច្ចុប្បន្ននេះ ការផ្តល់សេវាសាធារណៈលើវិស័យភាពយន្ត បាននឹងកំពុងមានការវិវត្តឈានឡើង ស្របពេលសេដ្ឋកិច្ចជាតិ មានការរីកចំរើនជាលំដាប់។

យោងតាមរបាយការណ៍របស់នាយកដ្ឋានភាពយន្ត ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤-២០១៨ ចំណូលដែលប្រមូលបានមកពីការផ្តល់សេវាសាធារណៈលើវិស័យភាពយន្តកើនឡើងគួរឲ្យកត់សម្គាល់ ហើយចំនួនទស្សនិកជនដែលចូលទស្សនាភាពយន្ត តាមរោងភាពយន្តនានាមានចំនួនជាង៥លាននាក់នៅទូទាំងប្រទេស និងការលក់សំបុត្រមានទឹកប្រាក់ជាង១៥លានដុល្លារអាមេរិកក្នុង១ឆ្នាំ៕