ក្រសួងព័ត៌មានរៀបចំការប្រកួតប្រជែងស្នាដៃវីដេអូអប់រំប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងព័ត៌មានរៀបចំការប្រកួតប្រជែងស្នាដៃវីដេអូអប់រំប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីបើកឱកាសឲ្យយុវជនបង្ហាញស្នាដៃក្នុងការផលិតព័ត៌មានដែលបង្ហាញពីតថភាពពិតនៅក្នុងសង្គម។
សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា សាធារណជន សិស្ស និស្សិត ជាពិសេសយុវជនទាំងអស់អាចចូលរួមប្រកួតប្រជែងស្នាដៃវីដេអូខ្លីស្តីពីការអប់រំប្រឆាំងនឹងព័ត៌មានក្លែងក្លាយរយៈពេល៥នាទី។
ក្រសួង បានរៀបរាប់តថា គណៈកម្មការរៀបចំការប្រកួតប្រជែងស្នាដៃវីដេអូអប់រំប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងរៀបចំការប្រកួតប្រជែងស្នាដៃវីដេអូអប់រំខ្លី (រយៈពេល ៥ នាទី) ប្រឆាំងនឹងព័ត៌មានក្លែងក្លាយលើកទី១ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការប្រឌិតព័ត៌មានក្លែងក្លាយជះឥទ្ធិពលដល់សង្គម។
បេក្ខជនជ័យលាភីលេខ១ ទទួលបានពានរង្វាន់ជាថវិកាចំនួន ៤លានរៀល ខណៈលេខ២ ថវិកាចំនួន ៣លានរៀល និងជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន១លាន៥សែនរៀល។
ក្រសួងព័ត៌មាន បានឲ្យដឹងទៀតថា សាធារណជន សិស្ស និស្សិត ជាពិសេសយុវជន ដែលមានបំណងចូលរួមប្រកួតប្រជែង អាចផ្ញើប្រវត្តិរូបសង្ខេប រួមជាមួយនឹងខ្លឹមសារអត្ថបទដែលគ្រោងផលិតវីដេអូអប់រំមកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬសារអេឡិចត្រូនិក chhornavy89@gmail.com ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៩ ដើម្បីគណៈកម្មការពិនិត្យ និងវាយតម្លៃជម្រុះដំបូង៕