ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីមនាំយកអំណោយ ផ្ដល់ជូនប្រជាពលរដ្ឋជិត៨០០គ្រួសារ នៅស្រុកបុរីអូរស្វាយសែនជ័យ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖ 

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាបាននាំយកអំណោយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគនិងអង្ករចំនួន១,០០០បាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋសរុប៧៦៣គ្រួសារ មកពីឃុំចំនួន៣ក្នុងស្រុកបុរីអូរស្វាយសែនជ័យដែលរងផលប៉ពាល់ទឹកជំនន់មេគង្គនិងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

ក្នុងឳកាសចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានភាព ជំនន់ទឹកទន្លេមេគង្គ តាមបណ្តាសង្កាត់ទាំង៤ក្នុងក្រុងស្ទឹងត្រែងឯកឧត្តម គន់ គីម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នបញ្ជៀសនូវរាល់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ ពិសេសកុមារតូចៗកុំឲ្យលេងទឹក និងត្រូវប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ។លើសពីនេះទៀតមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងត្រូវត្រៀមសម្ភារៈបរិក្ខារពេទ្យ និងបញ្ជូនមន្ត្រីសុខាភិបាលចុះនៅជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ ដើម្បីសង្គ្រោះបានទាន់ពេលវេលា។

សូមបញ្ជាក់ថា នៅថ្ងៃទី០៦ កញ្ញានេះ ទឹកទន្លេមេគង្គមានកម្ពស់១២ម៉ែត្រ បង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន៤៩៣២គ្រួសារ, ជម្លៀសចេញពីលំនៅដ្ឋានប្រមាណ១០៥៤គ្រួសារ, លិចលង់ផ្ទៃដីបង្កបង្កើនផល៣៤៥៦ហិកតា។ក្នុងចំណោមក្រុងស្រុកទាំង៦របស់ខេត្តស្ទឹងត្រែងមានស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែងរងផលប៉ះពាល់ខ្លាំងជាងគេ៕