រដ្ឋបាលខេត្តព្រះសីហនុនិងក្រុមហ៊ុន ម៉ុងឬទ្ធី ពិភាក្សាកំណត់ព្រំប្រទល់ទីតាំង ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហោ​ សេងគ្រី​  និង​លោក​ចន​ ណារិទ្ធ​ ៖


រដ្ឋបាលខេត្តព្រះសីហនុនិងក្រុមហ៊ុន ម៉ុង ឬទ្ធី បានចាប់ផ្ដើមពិភាក្សា និងធ្វើបទបង្ហាញ ស្តីពីរបាយការណ៍សង្ខេបលទ្ធផលការងារចុះពិនិត្យ និងកំណត់ព្រំ ប្រទល់ទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដែលវិនិយោគ លើដំណាំដូងប្រេង និងដំណាំដំឡូង មី ដែលមានព្រំប្រទល់ជាប់ជាមួយស្រុកចំនួន ៣ ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានមានប្រ សាសន៍អោយដឹងថា កិច្ចប្រជុំនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ គឺដើម្បីស្វែង យល់អំពីផ្លូវច្បាប់ និងនិតិវិធីឱ្យបានច្បាស់លាស់ និងបទបង្ហាញរបស់មន្ត្រីជំនាញ នៃការចុះបញ្ជីដីកសិកម្ម ពាក់ព័ន្ធនឹងផ្លូវច្បាប់ និងគោលការណ៍ច្បាប់ជាសំខាន់ ដើម្បីឈានទៅធ្វើការចុះបញ្ជីដីរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ជាប្រយោជន៍ ការពារកុំឱ្យមាន ការរំលោភបំពានបន្តទៀត ទប់ស្កាត់ភាពអនាធិបតី និងដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋ ។ បើតាមមន្ត្រីបច្ចេកទេស មន្ទីរកសិកម្ម បានបញ្ជាក់ថា ដំណើរការចុះបញ្ជី ទី១ ផ្អែកលើ សជណ របស់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានអនុញ្ញាតិវិនិយោគលើកសិកម្មពីឆ្នាំ១៩៩៥ ដែលមានកិច្ចសន្យាវិនិយោគរវាងក្រុមហ៊ុនម៉ុង ឬទ្ធី និងក្រសួងកសិកម្ម ដោយក្នុងខែមីនាឆ្នាំ១៩៩៦ ក្រុមហ៊ុនបានបើកការដ្ឋាន នៅឆ្នាំ១៩៩៧ ក្រុមហ៊ុនបណ្តុះកូនដូងប្រេង លើផ្ទៃដីចំនួន ១១.០០០ហិកតា និងដីកសិកម្មដាំដំឡូងមីមានចំនួន ១.៨០០ហិកតា ។
ទោះយ៉ាងណាក្ដី ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំឲ្យអភិបាលរងខេត្ត អភិបាល ស្រុកទាំង៣ រួមជាមួយមេឃុំ សហការជា មួយមន្ទីរជំនាញ ក្រុមហ៊ុន និងប្រជាពលរដ្ឋ បង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីចុះកំណត់ទីតាំងព្រំប្រទល់ដី ដោយកំណត់ផែនទីឯកភាពមួយ ជៀសវាងគូរ ផែនទីកំណត់ទីតាំងរវាងក្រុមហ៊ុន ជាន់គ្នាជាមួយដីប្រជាពលរដ្ឋ តាមនិតិវិធីសុរិយោដី អនុវត្តតាមគោល នយោបាយ និងចរាចរណ៍លេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ រស់នៅ អាស្រ័យផលជាក់ស្តែង ៕