នៅខេត្តព្រះវិហារ ផ្ទះប្រជាពលរដ្ឋដែលរស់នៅកៀកនឹងមាត់ទន្លេមេគង្គលើ ប្រមាណជា៤៧គ្រួសារ បានរងការជន់លិច

វិទ្យុជាតិកម្ពុជា៖​

គិតត្រឹមថ្ងៃទី៦ ខែកញ្ញា នេះ នៅខេត្តព្រះវិហារ ជំនន់ទឹកភ្លៀងក្នុងស្ទឹងសែន និងទន្លេមេគង្គ បាន បង្កការគំរាមគំហែងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុករវៀង ស្រុកជ័យសែន ស្រុកគូលែន និងស្រុកជាំក្សាន្ត ។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា ផ្ទះប្រជាពលរដ្ឋដែលរស់នៅកៀកនឹងមាត់ទន្លេមេគង្គលើ ប្រមាណជា៤៧គ្រួសារ បានរងការជន់លិចដោយជំនន់ទឹកទន្លេមេគង្គលើ ហូរចូលបែកវាល នឹងបានធ្វើឲ្យ ផ្លូលំ នឹងដំណាំស្រូវចម្ការរបស់កសិករនៅទីនោះលិចលង់មួយចំនួនទៀត ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនោះទេ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានលើកឡើងថា មន្ទីរជំនាញបានត្រៀម គ្រឿងចក្ររួចរាល់ហើយ ដើម្បីជួសជុលឡើងវិញនូវផ្លូវណាដែលខូចខាតភ្លាមៗ នៅពេលទឹកជំនន់ស្រកទៅវិញប្រយោជន៍ឲ្យប្រជាពលរដ្ឋធ្វើដំណើរបានដូចមុន ។
មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមស្រកទៅវិញបន្តិចម្ដងៗ ចាប់ពីល្ងាចនេះតទៅ ហើយ ទឹកនៅខេត្តក្រចេះ នឹងបន្តកើនឡើងសន្សឹមៗ ក្នុងមួយថ្ងៃទៀត៕