ចាប់ពីល្ងាចថ្ងៃទី៦កញ្ញាតទៅ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ចាប់ផ្ដើមស្រកទៅវិញ បន្តិចម្ដងៗ ប៉ុន្តែទឹកនៅខេត្តក្រចេះ នឹងបន្តកើនឡើងសន្សឹមៗ

វិទ្យុជាតិកម្ពុជា៖​

មន្រ្តីក្រសួងធនធានទឹកនិងឧត្តុនិយមបានព្យាករថា ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមស្រកទៅវិញបន្តិចម្ដងៗ ចាប់ពីល្ងាចថ្ងៃសុក្រនេះតទៅ ខណៈទឹកនៅខេត្តក្រចេះ នឹងបន្តកើនឡើងសន្សឹមៗ ក្នុងមួយថ្ងៃសៅរ៍ទៀត។
នៅថ្ងៃទី០៦ខែកញ្ញានេះទឹកជំនន់មេគង្គនៅខេត្តស្ទឹងត្រែងមានកម្ពស់១២ម៉ែត្របណ្តាលឲ្យលិចលុងស្រូវនិងដំណាំរបស់ពលរដ្ឋប្រមាណ៣៤៥៦ហិកតា បង្កផលប៉ះពាល់ជីវភាពរស់នៅប្រជាពលរដ្ឋជាង4932គ្រួសារ ហើយអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានប្រមាណជាង1054គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។ក្នុងចំណោមក្រុងស្រុកទាំង៦ របស់ខេត្តស្ទឹងត្រែង មានស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង រងផលប៉ះពាល់ខ្លាំងជាងគេ។ មន្ត្រីគណ:កម្មាធិការគ្រប់គ្រងគ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានបញ្ជាក់ថា ស្រុកចំនួន៤និងក្រុង១ កំពុងប្រឈមនិងការលិចលង់ទឹកជំនន់ខ្លាំង ដោយធ្វើអោយ លិចស្រូវវស្សាជាង ១៤៥៩ ហិកតា ដំណាំរួមផ្សំ ២៤៩ ហិកតា ផ្លូវលំ១២ខ្សែ ប្រវែង ១៨.៧៥០ ម៉ែត្រ ផ្លូវខេត្តលេខ ៣៧៥ ប្រវែង ១.៣៤៥ម៉ែត្រ លិចទំនន់២កន្លែង ប្រវែង ១.៣៥០ម៉ែត្រ ប្រឡាយ ៦កន្លែង ប្រវែង ៨.០៥០ ម៉ែត្រ ។
ផ្ទះពលរដ្ខចំនួន៥.៣២៤ខ្នងផ្ទះ អណ្តូងស្នប់១០០ អណ្តូងបានរងផលប៉ះពាល់ពីទឹកជំនន់ ខណៈសាលារៀន ២៣កន្លែង មណ្ឌលសុខភាព២កន្លែង វត្ត ១០ សាលាឃុំ២កន្លែង បានជំលៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ១.០៤៨ គ្រូសារ គោ ក្របី ៤.២៥១ ក្បាល ។
ស្រុកចំនួន៤និងក្រុង១ កំពុងប្រឈមនិងការលិចលង់ទឹកជំនន់ខ្លាំង រួមមានស្រុកសំបូរ ស្រុកព្រែកប្រសព្វ ស្រុកចិត្រ បុរី ស្រុកឆ្លូង និងក្រុងក្រចេះ ៕