គ្រោះមហន្តរាយនៅលើកោះបាហាម៉ាសបង្កឡើងដោយព្យុះសង្ឃរាដូរៀនមានសភាពធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក

អាមេរិក៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌និងអ្នកសម្របសម្រួលគ្រាអាសន្នលោកម៉ាក ឡូខុក (Mark Lowcock)   បាននិយាយកាលពីថ្ងៃពុធថាគ្រោះមហន្តរាយនៅភាគខាងជើងកោះបាហាម៉ាស​   ក្នុងតំបន់សមុទ្រការ៉ាបៀនបណ្តាលមកពីខ្យល់ព្យុះដូរៀនគឺមានសភាពធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកទេ   ព្រមទំាងបានជំរុញឱ្យសហគមន៍អន្តរជាតិពង្រីកការជួយគាំទ្រ  ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក    មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយនេះបាននិយាយថាការខូចខាតគឺស្ថិតក្នុងទ្រង់ទ្រាយធំដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនិងបន្សល់ទុកនូវប្រជាជនប្រមាណ ៧ ម៉ឺននាក់ដែលត្រូវការជំនួយសង្គ្រោះបន្ទាន់នៅលើកោះ​ពីររបស់  បាហាម៉ាស  ។

លោកបានធ្វើដំណើរទៅបាហាម៉ាសកាលពីថ្ងៃពុធដើម្បី​វាយតម្លៃនូវអ្វីដែលត្រូវការពីសហគមន៍អន្តរជាតិនិងបង្ហាញពីសាមគ្គីភាពរបស់អង្គការសហប្រជាជាតិជាមួយប្រជាជននិងរដ្ឋាភិបាលបាហាម៉ាស។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.០៩.១៩)