អភិបាលខេត្តកំពង់ចាម​ចុះពិនិត្យនិងត្រៀមទីទួលសុវត្ថិភាពខណៈទឹកទន្លេមេគង្គកំពុងហក់ឡើងខ្លាំង

វិទ្យុជាតិកម្ពុជា៖​ ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម


នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ -មន្ទីរពាក់ពន្ធ័ ជុំវិញខេត្ត ចុះពិនិត្យមើលទីទួលសុវត្ថិភាពជាច្រើនកន្លែង ដូចជាក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម , ទីទួលបេង ភូមិកំពុងសំណាញ់ ឃុំមៀន ស្រុកព្រៃឈរ និងមានកន្លែងទីទួលសុវត្ថិភាពជាច្រើនកន្លែងទៀត ដើម្បីត្រៀមរៀបចំបង្ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ សត្វចិញ្ជឹម ជាដើម ខណៈ កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមកំពុងតែហក់ឡើងជាបន្តបន្ទាប់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរបានត្រៀមបង្ការទីទួលសុវត្ថិភាព សម្រាប់ជម្លៀសបងប្អូនប្រជាពលរដ្ឋរស់នៅអោយ មានសុវត្ថិភាព ។
ឯកឧត្តមអភិបាលខេត្តបាន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់សូមបង្កើនការប្រុងប្រយត្ន៍ឲ្យបានខ្ពស់លើបញ្ហា រស់នៅ ពិសេសច្រាំងទន្លេបាកស្រុត ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ភ្លាមៗ ដើម្បីឲ្យអាជ្ញាធរចុះជួយអន្តរាគមន៍ ទាន់ពេលវេលា ហើយត្រូវបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតឡើងដោយយថាហេតុចំពោះក្មេងតូចៗដែលអាចបណ្តាលឲ្យលង់ស្លាប់ និងការបង្ការការពារសត្វអាសេរិពិសចឹកឬខាំត្រូវមកកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ផងដែរ។

យោងតាមព្យាករណ៍របស់ក្រសួង ធនធានទឹក និងឧត្តុរនិយម បានប្រកាសថា កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម អាចហួសកម្រិតប្រកាសអាសន្ន ដោយកម្ពស់ទឹកក្នុងខេត្តកំពង់ចាម កម្រិតត្រូវប្រកាសអាសន្ន១៥ម៉ែត្រ២០សង់ទីម៉ែត្រ ហើយទឹកជំនន់នេះអាចបង្កគ្រោះថ្នាក់ធម្មជាតិ បាក់ស្រុតច្រាំងទន្លេជដូចនៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម អាជ្ញាធរបានសហការគ្នាជាមួយ កងកម្លាំងប្រដាប់អាវុធ យុវជន បាននាំគ្នាជួយសង្គ្រោះរុះរើ និងផ្លាស់ប្តូរលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះចំនួន៨ខ្នងផ្ទះហើយ អាចរុសរើបន្ថែមទៀត ប្រសិនបើ ទឹកទន្លេចេះតែហក់ឡើង៕