ឯកឧត្តម នាយឧត្តមសេនីយ៍​ គន់​ គីម ចុះទៅពិនិត្យមេីលទួលសុវត្ថិភាពក្នុងទឹកដីខេត្តក្រចេះ

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ឯកឧត្តម នាយឧត្តមសេនីយ៍​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុក​បេសកកម្ម​ពិសេស​ អនុប្រធាន​ទី១​ គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​ឯកឧត្តម​ ឡាំ​ ហេងហួត​ អនុប្រធាន​ គ.ជ.គ.ម​ អមដំណេីរ​ដោយ​ឯកឧត្តម​ វ៉ា​ ថន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ​ បានចុះទៅពិនិត្យមេីលទួលសុវត្ថិភាព​តាឃីន​ ស្ថិតនៅក្នុងឃុំបុស្សលាវ​ ជាឃុំដែលងាយរងគ្រោះដោយទឹកជំនន់របស់ស្រុកចិត្របូរី​ ខេត្ត​ក្រចេះ​ ដេីម្បីរៀបចំជម្លៀស​ប្រជាពលរដ្ឋក្នុងឃុំដែលរងគ្រោះជំនន់ទឹកទន្លេមេគង្គ​ កំពុងជន់លិចភូមិទាំង៨​ របស់ឃុំដែលមានប្រជាពលរដ្ឋ១៩៨៦​គ្រួសារ​ និងសត្វពាហនៈ​ ជាងពីរពាន់ក្បាល​ ដែលបច្ចុប្បន្នគោក្របីជិតមួយពាន់ក្បាល​ និងប្រជាពលរដ្ឋជាង១០០នាក់ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពរួចហេីយ​ នឹងកំពុងបន្តជម្លៀសទាំងអស់បេីសិនជាទឹកទន្លេនៅតែបន្តឡេីង​។
ការចុះទៅពិនិត្យមេីលទួលសុវត្ថិភាពនេះគឺអនុវត្ត តាមសារាចរណែនាំលេខ០៨សរណន របស់រាជរដ្ឋាភិបាល​ ស្តីពី​ការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់​ ចុះថ្ងៃទី៤​ ខែកញ្ញាឆ្នាំ២០១៩។
ក្នុងឪកាសពិនិត្យមេីលស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលរងទឹកជំនន់នៅភូមិព្រែកកូវ​ និងភូមិព្រែកច្រោក​ ឃុំបុស្សលាវនៅថ្ងៃទី៤ខែកញ្ញា ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តដេីម្បីធ្វេីការត្រៀមបំរុង​ និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់អោយនៅកំរិតទាបបំផុតដោយអាទិភាព លេីអាយុជីវិតមនុស្សជាសំខាន់៕