អាជ្ញាធរខណ្ឌដូនពេញសន្យាលុបបំបាត់ចំណតរថយន្តគួកជេរនៅជុំវិញសួនកុមារវត្តភ្នំ មិនឲ្យកើតមានទៀតឡើយ

វិទ្យុជាតិកម្ពុជា ៖ លោក ហុក សុខរិន និង​ លោក​ ចន​ ណារិទ្ធ​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ៖

អាជ្ញាធរខណ្ឌដូនពេញសន្យាលុបបំបាត់ចំណតរថយន្តគួកជេរអោយអស់នៅជុំវិញសួនកុមារវត្តភ្នំ មិនអោយកើតមានទៀតឡើយ ដើម្បីធានាបានសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយនៅតំបន់ទេសចរណ៍កណ្តាលរាជធានីភ្នំពេញដ៏សំខាន់នេះ។
លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញប្រាប់វិទ្យុជាតិកម្ពុជានៅរសៀលថ្ងៃទី៤ ខែកញ្ញានេះថា ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានបោសសំអាតទីតាំងចតលក់រថយន្តជុំវិញបរិវេណសួនកុមារវត្តភ្នំរួចរាល់ហើយ ហើយសន្យាមិនអោយតំបន់នេះកើតមានករណីនេះដូចមុនទៀតឡើយ ខណៈ អភិបាលរាជធានីភ្នំពេញបានប្រកាសហាមដាច់ខាតមិន ឲ្យទីតាំងនេះមានការលក់ដូររថយន្តឡើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយក កូនៗមកលេងនៅសួនកុមារនេះ។
លោកបានឲ្យដឹងថា កន្លងមកនេះមានក្រុមជនខិលខូចមួយចំនួនបានបន្លំចតរថយន្តនៅ លើទីតាំងសួនកុមារនេះ ដោយអៈអាងថា ជាក្រុមការងាររបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងអគ្គិសនីកម្ពុជា។ប៉ុន្តែភ្លាមៗនោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងអគ្គិសនីកម្ពុជា បានបំភ្លឺដោយអៈអាងថា មន្រ្តីរបស់ខ្លួនមិនដែលចតយានយន្តគ្មានសណ្តាប់ធ្នាប់នៅអែបនិងទីតំាងសួនកុមារនេះឡើយ ដូច្នេះអាជ្ញាធរខណ្ឌសូមចាត់វិធានការណ៍តាមផ្លូវច្បាប់។
សូមបញ្ជាក់ថាកាលពីពេលកន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌដូនពេញ បានប្រកាសហាមឃាតមិនឲ្យមានករណីលក់ដូររថយន្តគ្មានសណ្តាប់ធ្នាប់នៅលើផ្លូវ សាធារណៈចាប់ពីសួនទីលានប្រជាធិបតេយ្យចាស់រហូតដល់សួនច្បារផ្សាររាត្រី និងតំបន់មួយចំនួនក្បែររម្មណីយដ្ឋានវត្តភ្នំ៕