មន្ទីរធនធានទឹកខេត្តព្រះសីហនុអំពាវនាវដល់ពលរដ្ឋនៅតំបន់ឆ្នេរត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់

វិទ្យុជាតិកម្ពុជា៖ កញ្ញា ទុយ សូលីដា ៤.០៩.១៩៖

ប្រធានមន្ទីរធនធានទឹកខេត្តព្រះសីហនុអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ឆ្នេរ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ ខណៈដែលកម្ពុជាកំពុងតែទទួលរងនូវ ឥទ្ធិពល ពីបាតុភូតធម្មជាតិចំនួន៣ព្រមៗគ្នាពីប្រទេសជិតខាង ។
អ្នកយកព័ត៌មានយើងរាយការណ៍…………….
លោក ហេង សោភណ្ឌ័រិទ្ធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពល ពីបាតុភូតធម្មជាតិចំនួន៣ព្រមៗគ្នាក្នុងនោះមាន៖ ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលបាននិងកំពុងលាតសន្ធឹង អូសកាត់លើប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ឥទ្ធិពលព្យុះទី១៤ ឈ្មោះ កាហ្សីគី (KAJIKI) និងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង ។
លោកបន្តថា បាតុភូតធម្មជាតិចំនួន៣នេះបានបង្កអោយផ្នែកខ្លះនៅតំបន់ឆ្នេរ អាចនឹងមានភ្លៀងធ្លាក់គំហុកខ្លាំង ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់សមុទ្រ សូមប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
សំឡេង៖ បងប្អូនប្រជានេសាទបើសិនជាមានខ្យល់គឺមិនអនុញ្ញាតអោយចេញទូកនោះទេ ហើយយើងក៏បានធ្វើការជាមួយសមាគមដឹកជញ្ជូនភ្ញៀវទេសចរ នៅខេត្តព្រះសីហនុ និងនគរបាលទេសចរណ៍ ដែលកាន់ការងារ នៅគោលដៅមានទូកចេញ បើសិនជាមានខ្យល់ខ្លាំង ខ្យល់កន្ទាក់បូកជាមួយនិងភ្លៀងគឺយើងមិនអនុញ្ញាតអោយទូកចេញនោះទេ។ ដោយឡែកទូកនេសាទគឺដូចគ្នា យើងបានជំរាបដល់ម្ចាស់កំពង់ផែឃាត់ទូកកុំអោយចេញ ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បណ្តាខេត្តនៅតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងបន្តមានភ្លៀងធ្លាក់ក្នុងបរិមាណពីបង្គួរទៅច្រើន និងនៅលើលំហសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ។
សូមជម្រាបផងដែរថាពាក់ព័ន្ធទៅនឹងស្ថានភាពអាកាសធាតុនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ត្រូវចាត់វិធានការចាំបាច់នានាដើម្បីត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅតាមមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលា ខណៈដែលឥទ្ធិពលព្យុះទី១៤ឈ្មោះ កាហ្ស៊ីគី កំពុងមានឥទ្ធិ ពលនៅលើប្រទេសកម្ពុជាដែលជាក្តីបារម្ភចំពោះប្រជាពលរដ្ឋ៕