ក្រសួងព័ត៌មាននឹងប្រកាសទទួលស្គាល់សមាជិកក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា លើវិស័យព័ត៌មានជិត២០០នាក់នៅថ្ងៃស្អែក

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩៖

ក្រសួងព័ត៌មាននឹងប្រកាសទទួលស្គាល់សមាជិកក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មានជិត២០០នាក់នៅថ្ងៃស្អែក ដើម្បីជំរុញការលើកកម្ពស់ តួនាទីរបស់យុវជនឲ្យកាន់តែសកម្មជួយដល់សង្គមជាតិ ។
បើគ្មានការប្រែប្រួលទេនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាជិកភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យព័ត៌មាន ដែលជាកំលាំងចលករមួយ ក្នុងបុព្វហេតុនៃកិច្ចអភិវឌ្ឍជាតិលើវិស័យព័ត៌មានឲ្យបានទូលំទូលាយ ។
យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ការបង្កើតឡើងនូវ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចអភិវឌ្ឍសង្គមដែលមានដូចជា ការកៀរគរយុវជនឲ្យចូលរួមក្នុងចលនាលើកតម្កើងកិត្យានុភាព ប្រពៃណី និងវប្បធម៌ជាតិ តាមរយៈការបង្កើតនូវកម្មវិធីជាតិ ការចូលរួមក្នុងកម្មវិធីអន្តរជាតិនានា ការចូលរួមអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការបង្កើតនូវកម្មវិធីបណ្តុះបណ្តាល និងវគ្គបំប៉នក៏ដូចជាការផ្តល់នូវអាហារូបករណ៍ និងការចូលរួមផ្សេងៗជាច្រើនទៀតរួមទាំង កិច្ចការនយោបាយ សេដ្ឋកិច្ច និងសង្គម ។
សូមបញ្ជាក់ថា សមាជិកដែលចូលរួមក្នុងពិធីប្រកាសទទួលស្គាល់មានសមាជិកចំនួន១៩៦នាក់ មកពី៥អគ្គនាយកដ្ឋាន ៕