អ្នកជំនាញកូរ៉េខាងត្បូង៖ ចិនកំពុងរំលោភបំពានច្បាប់អន្តរជាតិ នៅតំបន់សមុទ្រខាងកើត

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩​ — យោងតាមលោក Lee Jaehyon នាយកមជ្ឈមណ្ឌលសម្រាប់សិក្សាអាស៊ាន និងអូសេអានី នៅ វិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយបាននិយាយថា ស្ថានភាពនៅសមុទ្រខាងកើតកំពុងតែអាក្រក់ទៅៗហើយ នៅពេលដែលប្រទេសចិនកំពុងរំលោភច្បាប់អន្តរជាតិនៅក្នុងដែនទឹកមួយនេះ។

អ្នកជំនាញបាននិយាយបន្ថែមទៀតថា សកម្មភាពរបស់ចិនកំពុងបង្កការព្រួយបារម្ភផ្នែកសន្តិសុខយ៉ាងសំខាន់សម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ រួមទាំងវៀតណាមផងដែរ ហើយបានព្រមានថា ចិនកំពុងអនុវត្តន៍យុទ្ធសាស្ត្រនៃការធ្វើអាជីវកម្មផ្តាច់មុខជាបណ្តើរៗ នៅក្រោមដែនទឹកដែលគេហៅថា យុទ្ធសាស្ត្រ «ខ្សែបន្ទាត់ប្រាំបួន» ការកសាងហេដ្ឋារចនាសម្ព័ន្ធ នឹងការលើកកម្ពស់ការធ្វើសកម្មភាពយោធានៅលើកោះមួយចំនួននៅសមុទ្រខាងកើត។

លោកបាននិយាយថា បច្ចុប្បន្ននេះ មានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់សម្រាប់សកម្មភាពនានាក្នុងដែនទឹក រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ លោកបានគូសបញ្ជាក់ថា បណ្តាប្រទេសហត្ថលេខីនៃកតិកាសញ្ញាទាំងនោះ ដែលបានកំណត់ថា រាល់ជម្លោះក្នុងតំបន់ និងសមុទ្រខាងកើត ត្រូវតែដោះស្រាយដោយសន្តិវិធី។

លោក Lee ក៏បានសង្កត់ធ្ងន់ថា វាច្បាស់ណាស់ថា ប្រទេសចិនមិនបានអនុវត្តន៍តាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិទេ ហើយលុះត្រាតែប្រទេសនេះគោរពច្បាប់ទើបបញ្ហានេះអាចត្រូវបានដោះស្រាយដោយសន្តិវិធី។

លោកបាននិយាយបន្ថែមទៀតថា គួរតែមានការមូលមតិគ្នាកាន់តែខ្លាំងក្នុងចំណោមសហគមន៍អន្តរជាតិដើម្បីដាក់សម្ពាធលើប្រទេសចិន ធ្វើឱ្យប្រទេសមួយនេះមើលឃើញនូវផលវិបាកដែលកើតចេញមកពីសកម្មភាពរបស់ខ្លួននៅសមុទ្រខាងកើត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)