កូរ៉េខាងត្បូង និងមីយ៉ាន់ម៉ាឈានដល់កិច្ចព្រមព្រៀងកំពូល ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ — កូរ៉េខាងត្បូង និងមីយ៉ាន់ម៉ាបានព្រមព្រៀងគ្នាក្នុងការបើកទំព័រថ្មីមួយ​ នៅក្នុងទំនាក់​ទំនង​របស់ពួកគេ ដោយបង្កើនភាពជាដៃគូក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងការអភិវឌ្ឍ។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សានៅទីក្រុងណៃពិដោ រវាងមេដឹកនាំ​នៃប្រទេសទាំងពីរ គឺប្រធានាធិបតីលោក Moon Jae-in និងប្រធានក្រុមប្រឹក្សារដ្ឋ លោកស្រី ​អ៊ុងសាន ស៊ូជី។ លោក មូន កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសមីយ៉ាន់ម៉ា ដែល​លោកស្រី​ អ៊ុងសាន ស៊ូជី បានពិពណ៌នាថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី។

ដោយសង្ខេបពីលទ្ធផលនៃកិច្ចប្រជុំកំពូលលោក មូន បាននិយាយថា ភាគីទាំងពីរបាន​ព្រមព្រៀងគ្នាលើ « ផ្លូវដ៏រឹងមាំមួយ សម្រាប់អនាគតនៃភាពរុងរឿង »។

ដោយហោះហើរពីទីក្រុងបាងកក កាលពីព្រឹកថ្ងៃអង្គារនោះ លោក មូន ក៏បានជួបប្រជុំ​ជាមួយ​​ប្រធានាធិបតីលោក Win Myint បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅវិមានប្រធានាធិបតី​ក្នុងរដ្ឋធានីណៃពិដោ។

លោក មូន គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលបានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅ​កាន់​ប្រទេស អាស៊ីអាគ្នេយ៍មួយនេះក្នុងរយៈពេល៧ ឆ្នាំកន្លងមកនេះ។

លោករំពឹងថា នឹងមានភាពស៊ីសង្វាក់គ្នា រវាងគោលនយោបាយថ្មីភាគខាងត្បូងរបស់​រដ្ឋាភិបាល​លោក និងផែនការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសមីយ៉ាន់ម៉ា។

លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចផ្លាស់ប្តូររវាងប្រជាជន និង​ប្រជាជន ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើ​វិស័យ​ទេសចរ, អប់រំ និងវប្បធម៌។

លោកស្រីបាននិយាយប្រាប់លោក មូន ថា បើនិយាយពីវិស័យទេសចរ ដូចដែល​អ្នកបានដឹងហើយថា ការលើកលែងទិដ្ឋាការរបស់មីយ៉ាន់ម៉ា​ សម្រាប់ជនជាតិកូរ៉េខាងត្បូង​បានចូលជាធរមានរួចហើយ។

លោកស្រីបានបន្ថែមថា ដោយសារខ្សែភាពយន្តភាគកូរ៉េ និងកម្មវិធីទូរទស្សន៍ដទៃ​ទៀតមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនមីយ៉ាន់ម៉ា ​រដ្ឋាភិបាលមីយ៉ាន់ម៉ាចង់ផ្សព្វផ្សាយ​ជាសាធារណៈនូវ វប្បធម៌របស់ប្រទេសនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោកស្រីបាននិយាយថា ជាមួយនឹងការធ្វើពាណិជ្ជកម្មទ្វេភាគីមានការកើន​ឡើងជា​លំដាប់នោះ​ប្រទេសមីយ៉ាន់ម៉ាកំពុងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញការ​វិនិ​យោគ​បន្ថែមទៀតពីប្រទេស      កូរ៉េខាងត្បូង។

ប្រទេសមីយ៉ាន់ម៉ាសម្បូរទៅដោយធនធានធម្មជាតិ និងមានសារសំខាន់ខាង​ភូមិសាស្ត្រ ​ដែលស្ថិតនៅរវាងប្រទេសចិន និងឥណ្ឌាសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូង។

លោក មូន បានកត់សម្គាល់ថា ប្រទេសមីយ៉ាន់ម៉ា បានគាំទ្រយ៉ាងសកម្មដល់ដំណើរ​ការសន្តិភាពនៅកូរ៉េ ដែលស្នើឱ្យភាគីទាំងពីរសហការគ្នាក្នុងដំណើរការសន្តិភាពមីយ៉ាន់ម៉ា​ផងដែរ​ ដោយរួមបញ្ចូលទាំងវិបត្តិមនុស្សធម៌រ៉ូហ៊ីងយ៉ា។ រដ្ឋបាលរបស់ មូន គាំទ្រដល់ការវិល​ត្រឡប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រកបដោយសុវត្ថិភាពស្ម័គ្រចិត្ត និងសេចក្តីថ្លៃថ្នូរ ស្រប​តាម​ជំហររបស់អង្គការសហប្រជាជាតិ។

មេដឹកនាំមីយ៉ាន់ម៉ាបានសន្យាគាំទ្រពេញទំហឹង ចំពោះភាពជោគជ័យនៃ​កិច្ចប្រជុំកំពូល​ពិសេសនាខែវិច្ឆិកាខាងមុខ រវាងកូរ៉េខាងត្បូង និងអាស៊ាន ព្រមទាំងកិច្ចប្រជុំកំពូល​កូរ៉េខាងត្បូង-មេគង្គ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ូសាន៕

(ប្រភពយន់ហាប់: បកប្រែដោយលោក មាស សំអុល)