វៀតណាមចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ៨

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានមកដល់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី៨ នៅសាធារណរដ្ឋកូរ៉េ។

កិច្ចសន្ទនានេះធ្វើឡើងនៅទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែកញ្ញា ក្រោមប្រធានបទ «កសាងសន្តិភាពរួមគ្នា៖ បញ្ហាប្រឈម និងទស្សនៈវិស័យ» ដែលរួមមានកិច្ចពិភាក្សាពេញអង្គចំនួន ៤ ។

កិច្ចពិភាក្សាទាំងនោះផ្តោតសំខាន់ទៅលើដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បញ្ហាប្រឈម និងបេសកកម្មនានា ស្តីពីសន្តិភាពនៅអាស៊ីឦសាន យុទ្ធនាការរក្សាសន្តិភាពនិងមនុស្សធម៌អន្តរជាតិ ក៏ដូចជាយុទ្ធសាស្ត្រជាតិ និងការគ្រប់គ្រងវិបត្តិនៅលើប្រព័ន្ធអ៊ីនធឺណិតផងដែរ។

ទន្ទឹមនឹងនោះដែរ នឹងមានកិច្ចពិភាក្សាពិសេសចំនួន ៣ ស្តីពីសន្តិសុខ និងតុល្យភាពក្នុងតំបន់អាស៊ាន កិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការបន្តសន្តិភាពនៅមជ្ឈិមបូព៌ា និងការតម្រង់ទិសក្នុងការគ្រប់គ្រងអាវុធសម្រាប់ការបង្កើតសន្តិភាពរយៈពេលវែងនៅលើឧបទ្វីបកូរ៉េ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា កិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលនៅឆ្នាំនេះនឹងក្លាយជាព្រឹត្តិការណ៍ធំបំផុតដែលមិនធ្លាប់មាន ដោយមានបណ្តាមន្ត្រី និងអ្នកជំនាញរាប់រយនាក់មកពី ៥៦ប្រទេស និងអង្គការអន្តរជាតិចំនួន ៥ ចូលរួម។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមធ្វើនៅក្នុងឆ្នាំ ២០១២ មក ដោយមានការចូលរួមពី ១៥ប្រទេស និងអង្គការអន្តរជាតិចំនួន ២ ។

ការចូលរួមរបស់វៀតណាមក្នុងកិច្ចសន្ទនានេះបានបង្ហាញអំពីតួនាទីយ៉ាងសកម្ម វិជ្ជមាន និងការទទួលខុសត្រូវរបស់វៀតណាមក្នុងបញ្ហាតំបន់ និងអន្តរជាតិ ដោយមានការអះអាងថា វៀតណាមមានឆន្ទៈពង្រឹងមិត្តភាពជាមួយប្រទេសដទៃទៀត និងចែករំលែកទស្សនៈទៅលើបញ្ហាដែលជាការព្រួយបារម្ភរួម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)