ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ ពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ ខែកញ្ញា

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ ០៤ ០៩ ២០១៩ ៖


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ។
ការអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុននេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម សាលើមសៃ កុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប.ឡាវ)។ សេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលវិទ្យុជាតិកម្ពុជាទទួលបាននៅ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩ បានអោយដឹងថាទស្សនកិច្ចនេះមានគោលបំណងពង្រឹង និងពង្រីកវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងបញ្ហាព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលមានផលប្រយោជន៍រួមគ្នាផងដែរ ៕