សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តារ នីតិសម្បទាជនវិបល្លាសស្មារតី នៅក្នុងខេត្ដកណ្ដាល

AKP កណ្តាល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ -សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ​ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិប​ល្លាសស្មារតី ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមរបាយការណ៍របស់ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា អគារដែលដាក់សម្ពោធឱ្យប្រើប្រាស់ថ្ងៃនេះគឺមានយក​ចិត្ត​ទុកដាក់​ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះ​បងប្អូនវិបល្លាសស្មារតីដែលជាជនងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបាន​បញ្ជាក់​ ថា មជ្ឈមណ្ឌលថែមទាំ និងវិបល្លាសស្មារតី​ស្ថិតនៅ​ក្នុងភូមិបាគូ ឃុំ បាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលលើទំហំផ្ទៃដីចំនួនប្រមាណ៣ហិកតា ហើយទីតាំងនេះ ដំបូងឡើយជាផ្នែក​មួយ​នៃបុរីកុមាមិត្តភាពកម្ពុជា-បារាំង-អង់គ្លេស។ ដោយ​ទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន មជ្ឈមណ្ឌលបានធ្វើការសាងសង់ ចាប់ពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ក្នុងគោល​ដៅ​បំបែកជនមានវិបល្លាសស្មារតី ដែលស្នាក់នៅ ជាមួយជនរងគ្រោះដទៃទៀត នៅក្នុងមជ្ឈ​មណ្ឌល​សំចតសង្គមកិច្ចរាជធានីភ្នំពេញ​ឱ្យមក​ទទួល​សេវាថែទាំ និងស្របតាមបច្ចេកទេស​ត្រឹមត្រូវ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា មជ្ឈ​មណ្ឌលបានសាងសង់ឡើងជា២ដំណាក់​កាល​ដោយបានចំណាយថវិកាអស់​ប្រមាណ​៧.០០០​លានរៀល។ ជាមួយគ្នានេះ ក្នុងដំណាក់កាល​ទី១ បានជួសជុលអគារចាស់ចំនួន ២អគារ មាន២០បន្ទប់ ដោយចែកចេញជាពីផ្នែក​មួយផ្នែក​សម្រាប់បុរស និងមួយផ្នែកទៀត    សម្រាប់ស្ត្រី រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ចំណែក​ដំណាក់ទី២ បានសាង​សង់អគារ ចំនួន២ខ្នង ដោយមួយខ្នងមាន២៣បន្ទប់ សម្រាប់ ជនរងគ្រោះប្រភេទធ្ងន់ ៤បន្ទប់ ប្រភេទ​មធ្យម ៦បន្ទប់ ប្រភេទស្រាល៧បន្ទប់ និងបន្ទប់ស្តារ នីតិសម្បទា៣បន្ទប់ និងបន្ទប់សម្រាប់​បុគ្គលិកស្នាក់នៅ៣បន្ទប់។

សូមបញ្ជាក់ថា មន្ត្រីដែលបម្រើការនៅមជ្ឈមណ្ឌលមានចំនួន៦៨នាក់ ក្នុងនោះ​មន្ត្រី​មកពីក្រសួងសង្គមកិច្ចចំនួន៣១រូប មកពីក្រសួងសុខាភិបាល មានចំនួន២៨រូប និងក្រសួង មហាផ្ទៃចំនួន៩រូប។ មន្ត្រីទាំងអស់នេះ ត្រូវបានបែកចែកជាវេនគ្នាដើម្បីធានាការងារ នៅក្នុង មជ្ឈមណ្ឌល ២៤ម៉ោងលើ២៤ម៉ោងតែម្តង៕

ដោយ ប៊ុនរិទ្ធ