ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង​ការ​បញ្ជូន​ផលិតផល​សក្ដានុពល​ក​ម្ពុ​ជា​ទៅ​ទីផ្សារ​អន្តរជាតិ

AKP រតនគិរី ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ​២០១៩ -នៅថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ​២០១៩ អគ្កនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មសហការជាមួយមន្ទីរ​ពាណិជ្ជកម្ម​ ខេត្តរតនគិរី បានរៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ និង​ការបញ្ជូន​ផលិតផល​សក្ដា   នុពល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ជូនដល់មន្រ្តីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត សិស្សានុសិស្សមកពីសាលារដ្ឋ និងសាលាឯកជន សរុបប្រមាណជាង១០០នាក់ នៅសណ្ឋាគារ រតនៈស៊ីធី ក្រោមវត្តមាន លោក អួ​ង សុខន​ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យឹម ផែន អភិបាលរង​ខេត្តរតនគិរី ។​

​លោក អួ​ង សុខន បាន​មានប្រសាសន៍ថា ដើម្បី​ជួយ​ដល់​ផលិតករ ពាណិជ្ជករ សេវាករ មានលទ្ធភាព​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​ប្រទេស និងក្រៅប្រទេសបាន ក្រសួងនឹងធ្វើ​ការផ្សព្វផ្សាយ​ប្រមូលផ្ដុំ ​ចងក្រង​អត្តសញ្ញាណ​ផលិតផល​សក្ដានុពល ​ក្នុង​ខេត្ត​រតនគិរី ដែល​មាន ដំឡូង​មី គ្រាប់​ធញ្ញជាតិ សណ្តែកបាយ សណ្តែកសៀង ល្ង កៅស៊ូ ជាដើម ធ្វើយ៉ាងណាជំរុញ​ផលិតផល​ទាំងនេះ​ឱ្យក្លាយជា​ផលិតផល​មាន​ម៉ាកយីហោ (Brand) ច្បាស់លាស់​សម្រាប់​ការនាំចេញទៅ​ទីផ្សារ​អន្តរជាតិ ។ ក៏​ប៉ុន្តែ​ដើម្បីឱ្យមាន​ការ​នាំ​ចេញមានភាពរលូន ក្រសួង​ពាណិជ្ជកម្ម សូម​ស្នើ​ដល់​ផលិតករ អាជីវករ ម្ចាស់​សហគ្រាស​កម្ពុជា និង​បរទេស នៅ​ក្នុង​ខេត្ត​ទាំងមូល  មេត្តា​ខិតខំ​កែច្នៃ ផលិត​នូវ​ផលិតផល​របស់ខ្លួនឱ្យត្រូវ​តាមស្តង់ដារ​បច្ចេកទេស មាន​គុណ​ភាព អនាម័យស្តង់ដារ និង​ដាក់​លេខ​បារ​កូដ​កម្ពុជា ហើយ​ក៏​សូម​សំណូមពរ​ដល់​អ្នកប្រើប្រាស់​គ្រប់​ស្រទាប់​វណ្ណៈ​ ងាក​មកប្រើប្រាស់​ផលិតផល​ខ្មែរ​ឱ្យ​បាន​គ្រប់ៗ​គ្នា ដោយ​ការប្រើប្រាស់​ផលិត ផល​ខ្មែរ​នេះ ពិតជា​ផ្តល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ភ្ញៀវ​ទេសចរបរទេស​ផងដែរ​។​

សូម​បញ្ជាក់​ថា ​សិក្ខាសាលា​នេះ​ដំណើរការទៅរយៈពេល១ព្រឹក ក្នុងគោលបំណង​ឆ្លុះ​បញ្ចាំង​ ពី​ផលិតផល​ដែលមានសក្ដានុពល និងមាន​ម៉ាក ឬ​យីហោ​( Brand) ហើយ​បង្កើន​ការលើកកម្ពស់​ផលិតផល​នោះ ​តាមរយៈ​ការ​ដាក់​ម៉ាក​សញ្ញា ការ​វេច​ខ្ចប់ និង​ពង្រឹង​គុណភាព  ដើម្បី​ជំរុញ​ការ​នាំ​ចេញទៅ​ទីផ្សារ​ទំនើបៗ សណ្ឋាគារ​លំដាប់​ផ្កាយ​ក្នុង​ប្រទេស និង​ទីផ្សារ​អន្តរជាតិ​៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរព័ត៌ខេត្តរតនគិរី)