អភិបាលខេត្តបន្ទាយមានជ័យរម្លឹកមន្ត្រីសុខាភិបាលទាំងអស់ឱ្យបង្កើនការយកចិត្ត​បម្រើសេវា សុខភាពជូនប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ -អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានក្រើនរម្លឹកដល់មន្ត្រីសុខាភិបាល ទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ប្រឹងប្រែងធ្វើការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន​ដោយធ្វើយ៉ាងណាឱ្យការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរថែមទៀតនោះ។ ការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី បែបនេះក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក និងប្រកាសចូលកាន់មុខតំណែងលោក ថំ សារឹម ជាប្រធាន ​និង លោក ឈិន សុវណ្ណារិទ្ធ ជាអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក កាលពីថ្ងៃអង្គារ ៥កើត​ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ទៀតថា វិស័យសុខាភិបាលគឺស្ថិតក្នុងចំណោម​វិស័យ អាទិភាពជាច្រើនទៀត ដែលត្រូវបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់រាជ​រដ្ឋាភិ បាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីធ្វើឱ្យ កាន់តែប្រសើរថែមទៀត សំដៅបម្រើសេវាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទី កន្លែង រហូតដល់តំបន់ជនបទដាច់ស្រយាល។ ជាក់ស្តែងដូចជានៅក្នុង​ស្រុកភ្នំស្រុក នេះ​ដែល ទើបពង្រីកបានជាមន្ទីរពេទ្យបង្អែកនេះឡើង ឆ្លើយតបទៅនឹងភាពរីក​ចម្រើនរបស់ប្រទេស ជាតិសម្រាប់បម្រើជូនដល់សុខភាពប្រជាពលរដ្ឋ ដោយមិនចាំបាច់ទៅ​ឆ្ងាយនោះ ។

​ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា សុខភាពជារបស់ដ៏មានតម្លៃ ភាពមានជំងឺមិនអាចឱ្យមនុស្សបំពេញកិច្ចការផងទាំងពួងបាន មានការចំណាយថវិកាលើ ការព្យាបាល ដែលជាមូលហេតុនាំទៅរក​ភាពក្រីក្រ។ ហេតុនេះសូមអាជ្ញាធរមូលដ្ឋានស្ថាប័ន ពាក់ព័ន្ធ និងមន្ត្រីសុខាភិបាលសូមមេត្តាជួយអប់រំផ្សព្វផ្សាយ ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋពិ សេសអ្នកមានចំណូលទាបសូមមកពិគ្រោះជំងឺនិងព្យាបាលនៅសេវាសាធារណៈនៅតាម មណ្ឌលសុខភាពមន្ទីរពេទ្យឱ្យបានគ្រប់ៗគ្នា រដ្ឋមានការលើកលែងការបង់ថ្លៃ និងមូលនិធិសម ធម៌ដែលពិតជាអាចជួយ​សម្រួលដល់ការខ្វះខាតរបស់បងប្អូន ចៀសវាងការស្វែងរកសេវាឯក ជនដែលមានតម្លៃថ្លៃជាហេតុបណ្តាលឱ្យមានការចំណាយប្រាក់កាសច្រើនធ្វើឱ្យប៉ះពាល់ដល់ជីវភាព។

នៅក្នុងឱកាសនេះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ ចំនួន ៥០នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុកនេះ ដោយ បាន​ផ្តល់ជូនអំណោយ ​​​និងថវិកាមួយចំនួនផងដែរ​៕

ដោយឈុន សារ៉ាត