កសិករស្រុកសេសាន បានរួមគ្នាធ្វើស្រូវរដូវវស្សាសម្រេចបានទៅតាមផែនការ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖
កសិករស្រុកសេសានជាង៥.៩០០គ្រួសារ បានរួមគ្នាធ្វើស្រូវរដូវវស្សាសម្រេចបានទៅតាមផែនការឆ្នាំ ។ កត្តានេះធ្វើអោយអាជ្ញាធរស្រុករំពឹងទុកថានៅពេលប្រមូលផលអាចធានាបាននូវសុវត្ថិភាពស្បៀង និងធ្វើឱ្យកូនចៅប្រជាពលរដ្ឋចាកផុតពីការចំណាក ស្រុកចេញទៅលក់កម្លាំងពលកម្ម។

ក្នុងឧកាសចុះពិនិត្យដំណាំស្រូវរដូវវស្សានៅភូមិឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សុវណ្ណ ពិសេដ្ឋ អភិបាល ស្រុក បានបញ្ចាក់ថា៖ប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួលច្រើន បង្កឱ្យមានភាពយឺតយ៉ាវក្នុងការ ធ្វើការងារបង្កបង្កើនផល តែឆ្នាំនេះបងប្អូនកសិករព្យាយាមអនុវត្តដកស្ទូងស្រូវរដូវវស្សា បានល្អជាងឆ្នាំកន្លងមក។

លោកបានបន្តថា៖ដើម្បីបង្កើនសន្តិសុខស្បៀងក្នុងគ្រួសារឱ្យកាន់តែមានភាពប្រសើរឡើងគឺបងប្អូនកសិករដែលមានផ្ទៃដីអំណោយផល ត្រូវនាំគ្នាដាំដំណាំរួមផ្សំបន្ថែម ឱ្យបានច្រើនមុខ ដើម្បី ធ្វើឱ្យវិស័យកសិកម្ម កាន់តែមានភាព រីកចម្រើន ។ (សម្លេង)អញ្ចឹងមានតែដំណាំស្បៀងហ្នឹងហើយ ដែលអាចកាត់បន្ថយការចំណាយរបស់គាត់ អញ្ចឹងគាត់អាចមិនប្រើស្រូវច្រើនគាត់មិនត្រូវការអង្ករច្រើនប៉ុន្តែគាត់អាចប្រើដំឡូងឬក៍ប្រើពោតឬក៍ដំលូងជ្វាផ្សេងៗទៀតដើម្បីផ្សំផ្គុំដើម្បីកាត់បន្ថយការប្រើប្រាស់អង្ករឧទាហរណ៍ថាបើគាត់ហូបសល់គាត់អាចលក់បាន ហើយបើធម្ម ជាតិវាអំណោយផលអញ្ចឹងគាត់អាចសល់និងអាចលក់ដូរសម្រាប់ជីវភាពគ្រួសាគាត់។

លោកខាវ កីផាត់ ប្រជាពលរដ្ឋនៅភូមិឃុំកំភុនបានទទួលស្គាល់ថា៖កសិករតែងតែចង់បានជីវភាពធូរធារ តែការប្រកបរបរកសិកម្ម កសិករមួយចំនួន ធ្វើគ្រាន់តែសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារតែប៉ុណ្ណោះ មិនសូវបានគិតពីការលក់ដូរកសិផលរបស់ខ្លួនទេ។

លោកបានកត់សំគាល់ថា៖កន្លងមកនៅក្នុងភូមិឃុំនេះក៍មានកូនចៅប្រជាពលរដ្ឋយើងចាកចេញទៅរកការងារធ្វើដើម្បីរកប្រាក់ចំណូលមកបំពេញបន្ថែមសម្រាប់ជួយក្រុមគ្រួសារ តែការងារមួយចំនួនទៅធ្វើមិនបានប្រកបតាមបំណងឡើយ។
(សម្លេង) តាមព័ត៌មានតាមហ្វេស ប៊ុកអី គេឡាយព័ត៌មានដូចជាពិបាកណាស់ទៅស្រុកថៃ ទៅម៉ាឡេស៊ីពិបាកណាស់ក្នុងការទៅចំណាក់ស្រុក តែខ្ញុំអាចធ្វើបាននៅក្នុងស្រុកយើងអាចចិញ្ចឹមជីវភាពខ្ញុំបានល្មមរស់បានល្អអត់មានថាហត់ពេក ហើយក៍អត់ស្រួលពេកដែរល្មមតាមកម្លាំងអាចធ្វើបាន។

លោកប៊ុត ថងខាំ មេឃុំកំភុនបានគាំទ្រចំពោះការយល់ដឹងនេះ ព្រោះការងារកសិកម្មត្រូវការភាពឧស្សព្យាយាមទើបទទួលបានផលល្អ ដូចជាការដាំបន្លែបង្ការ ពោត អំពៅ សណ្តែក ដំលូង និងការចិញ្ចឹម សត្វជាដើម តែបងប្អូនខ្លះគាត់ធ្វើសម្រាប់តែផ្គត់ផ្គង់ក្នុងគ្រួសារ មិនបានគិតពីចក្ខុវិស័យវែងឆ្ងាយឡើយ ។

សូមបញ្ជាក់ថា៖កសិករស្រុកសេសាន បង្កបង្កើនផលស្រូវរដូវវស្សា បានជិត(៦០០០ហិកតា)-ដាំឈើហូបផ្លែបាន (១.៣២៣ហិកតា)-ដំណាំរួមផ្សំបាន(៤១៨ហិកតា)-និងដំណាំឧស្សាហកម្មបាន (៦៤៨ហិកតា) ៕