អភិបាលខេត្តកំពង់ចាម ចុះជួយអន្តរាគមន៍រុះរើផ្ទះបងប្អូនប្រជាពលរដ្ឋដែលកំពុង ប្រឈមបាក់ស្រុតច្រាំងទន្លេ

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម

ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បាន ដឹកនាំអាជ្ញាធរស្រុក កំពង់សៀម កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ កម្លាំងយុវជន ចុះជួយអន្តរាគមន៍រុះរើផ្ទះបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមបាក់ស្រុតច្រាំងទន្លេ ខណៈបច្ចប្បន្ននេះកម្ពស់ទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ ហើយមានលំនៅដ្ឋានជាច្រើនខ្នងទៀតដែលស្ថិតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាមកំពុងប្រឈមផលប៉ះពាល់ចំពោះការបាក់ស្រុតច្រាំងទន្លេ។
លោក ប៊ិន ឡាដា អភិបាលស្រុក កំពង់សៀម បាន ប្រាប់ឲ្យដឹងថា នេះជាគ្រោះថ្នាក់ធម្មជាតិ ដូច្នោះអាជ្ញាធរតែងតែចុះផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេមេគង្គ គឺធ្វើយ៉ាងបង្កើនការប្រុងប្រយត្ន៍ខ្ពស់ ចំពោះលំនៅដ្ឋានដែលនៅក្បែរមាត់ច្រាំងទន្លេ និងម្យ៉ាងទៀត បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន៍លើក្មេងតូចៗ ធ្វើយ៉ាងណាអាណាព្យាបាលកុំបណ្តោយឲ្យកូនចៅលេងទឹកអាចបណ្តាលឲ្យគ្រោះថ្នាក់ដោយ យថាហេតុណាមួយកើតឡើងផងដែរ។
លោកអភិបាលស្រុកបញ្ជាក់ទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋត្រូវការកងកម្លាំងចុះ ជួយក្នុងប្រការណាមួយគឺសុំរាយការណ៍មកអាជ្ញាធរមូលដ្ឋានភ្លាមៗ។ ដោយបច្ចប្បន្ននេះ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមានការកើនឡើង ជិត៥០គ្រួសារហើយ ដែលប្រឈមការបាក់ស្រុតច្រាំងទន្លេ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ។
ជាមួយគ្នានោះដែរ គ្រួសារពលរដ្ឋដែលរងគ្រោះដោយការគំរាមគំហែងពីការបាក់ស្រុតច្រាំងទន្លេក្រោយផ្ទះនោះ បានសម្តែងអារម្មណ៍ព្រួយបារម្ភ ខ្លាចកម្ពស់ទឹក ហក់ឡើង បន្តទៀត គឺធ្វើឲ្យច្រាំងទន្លេអាចបាក់ជាបន្តបន្ទាប់ ហើយគ្រួសារពលរដ្ឋទាំងនោះថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះមួយនេះ។
គូសបញ្ជាក់ផងដែរថាបញ្ហាគ្រោះធម្មជាតិមួយនេះ បានបង្កការគំរាមគំហែងដល់បងប្អូនប្រជាពលរដ្ឋរស់ តាមបណ្តាលស្រុកមួយចំនួននៅតាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តកំពង់ចាមរួមមាន៖ ស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកកោះសូទិន ស្រុកស្រីសន្ធរ និងស្រុកកំពង់សៀម ជាដើម ៕