ក្រសួងបរិស្ថាន ផ្សព្វផ្សាយស្ពតវិដេអូអប់រំស្តីពីការប្រើប្រាស់ថង់ប្លាស្ទិក( សូមទស្សនាវីដេអូ )

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានផលិត និងផ្សព្វផ្សាយស្ពត វិដេអូអប់រំស្តីពីការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីក្រើនរំឭកប្រជាពលរដ្ឋឲ្យទុកដាក់សំរាមប្រភេទនេះឲ្យបានត្រឹម ខណៈបច្ចុប្បន្នបរិមាណសំរាម សំណល់នៅទីប្រជុំជនបានកើនឡើងជាង១ម៉ឺនតោនក្នុងមួយថ្ងៃៗ។

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៣ ខែកញ្ញានេះ មានប្រសាសន៍ថា ស្ពតវិដេអូអប់រំនេះ មានគោលបំណងបង្កើនចំណេះដឹង ក៏ដូចជាចូលរួមកែប្រើឥរិយាបថរបស់ប្រជាពលរដ្ឋទាក់ទងនឹងការប្រើប្រាស់ថង់ប្លាស្ទិក និងដើម្បីបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិកសំដៅធានានូវកិច្ចគាំពារសុខភាពសាធារណៈបរិស្ថាន និងសោភ័ណភាព។

ឯកឧត្តម បានឱ្យដឹងថា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងដោយប្រជាពលរដ្ឋក្នុងរាជធានី និងក្រុងធំៗ មានជាង ១ម៉ឺនតោនក្នុងមួយថ្ងៃៗ ហើយបើគិតសរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០ភាគរយ ជាសំណល់ថង់ប្លាស្ទិក។ ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយ ថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាមជិត ៤០០ តោនក្នុងមួយថ្ងៃ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមតែអាចធ្វើទៅបានតាមរយៈការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់ឡើងវិញឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក។ ម្ចាស់អាជីវកម្ម និងម្ចាស់សេវាកម្មនានាដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ហើយស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកត្រូវបានទទួលការលើកទឹកចិត្ត។ ជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដោយបានកំណត់ពីវិធានការគិតតម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជនផងដែរ។ ការដាក់កម្រិតលើការប្រើប្រាស់ ថង់ប្លាស្ទិកនេះមិនមែនមានតែនៅកម្ពុជាទេ មានប្រទេសជាច្រើនដែលបាននិងកំពុងអនុវត្តផងដែរ។

 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកបានផ្តោតលើចំណុចសំខាន់ចំនួន ៤៖ ទី១. ការកំណត់ប្រភេទទំហំកម្រាស់លើថង់ប្លាស្ទិកស្តើងមានដៃយួរត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និង ការប្រើប្រាស់ (កម្រាស់០,០៣ មិល្លីម៉ែត្រ និងរង្វាស់ទទឹងបាត ២៥ សង្ទីម៉ែត្រ)។ ទី២. ការលើកទឹកចិត្ត៖ ការនាំចូលនិងផលិតប្លាស្ទិកឬសម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ ឬជីវប្លាស្ទិក ដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ។ ទី៣.ការនាំចូលឬផលិតថង់ប្លាស្ទិកនឹងជាប់អាករពិសេស និងទី៤. ការអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៖ ការផ្តល់ថង់ប្លាស្ទិកនៅតាមទីផ្សារទំនើបនិងនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ត្រូវគិតតម្លៃបន្ថែម។ ឯកឧត្តមបានលើកឡើងថា ថង់ប្លាស្ទិកត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថានគឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយទេ៕