ក្រសួងសេដ្ឋកិច្ចជំរុញរដ្ឋបាលក្រុង ស្រុក ខណ្ឌ រៀបចំថវិកាប្រចាំឆ្នាំរបស់ខ្លួនឱ្យបានទាន់ពេលវេលា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ — អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការរៀបចំថវិកាប្រចាំឆ្នាំរបស់ខ្លួនឱ្យ​បានទាន់ពេ​ល​វេលា។

ការជំរុញនេះធ្វើឡើងតាមរយៈកិច្ចប្រជុំណែនាំស្តីពី “ការរៀបចំគម្រោងថវិការបស់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២០” កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីជួយដល់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ រៀបចំគម្រោងថវិកា​អនុលោមទៅតាមគោលការណ៍ណែនាំនានា ស្របតាមសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,​ រៀបចំ និងដាក់ជូនក្រុមប្រឹក្សា រដ្ឋបាលក្រុង ស្រុក ខណ្ឌ នីមួយៗ អនុម័តបានទាន់ពេលវេលា ព្រមទាំងធានាថា ធនធានសាធារណៈត្រូវបានគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចំទិស ដៅអាទិភាព ឆ្ពោះទៅលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។

សូមរម្លឹកថា ការរៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានអនុលោមតាមសារាចរណែ​នាំ៎ស្តីពី ’នីតិវិធីបច្ចេកទេសនៃការរៀប ចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានរៀបចំនិងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ​។ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋ បាលថ្នាក់ក្រោមជាតិ ដោយមានការសហការជាមួយក្រុមការងារគាំទ្រនៅថ្នាក់រាជធានីខេត្ត បានដើរតួរនាទីយ៉ាងសំខាន់ក្នុងបេសកកម្ម ផ្សព្វផ្សាយខ្លឹមសារសារាចរ ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីបញ្ជ្រាប​ការយល់ដឹងអំពីដំ​ណើ​រ​នៃការរៀបចំគម្រោងថវិកាប្រចាំឆ្នាំបានច្បាស់លាស់ អាចអនុវត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរបញ្ជាក់ថា ជាបទពិសោធន៍កន្លងមក ការរៀបចំគម្រោងថវិការបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ គិតចាប់ពីឆ្នាំ២០១៤ មក នៅមិនទាន់មានដំណើរការបា​នរលូននៅឡើយ ពោលគឺ ការអនុវត្តគោលការណ៍បចេ្ចកទេសនានានៅខ្វះចន្លោះ និងមានយឺតយ៉ាវយ៉ាងខ្លាំងក្នុងការ ផ្ញើគម្រោងថវិកាមកថ្នាក់ជាតិ ដើម្បីធ្វើការបូកសរុបជាជំពូកមួយនៃច្បាប់ស្តីពីការគ្រប់ គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ។

ដូច្នេះហើយទើបចាប់ពីឆ្នាំ២០១៦ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំឱ្យមានជាកិច្ចប្រជុំណែនាំស្តីពី “ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ដើម្បីធ្វើការបណ្តុះបណ្តាលបន្ថែមដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការរៀបចំថវិកាប្រចាំឆ្នាំរបស់ខ្លួនឱ្យបានទាន់ពេលវេលា។

កិច្ចប្រជុំណែនាំស្តីពី “ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២០” កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នោះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាល ថ្នាក់ក្រោមជាតិ និងមានការចូលរួមពីសំណាក់ឯកឧត្តម  លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត និងតំណាងមកពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅមានរយៈ០៤ ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ និងមានអ្នកចូលរួមសរុបប្រមាណ ៦០០​ នាក់៕

ដោយ គង់ សិរីរ័ត្ន