រាជរដ្ឋាភិបាលពង្រីកយុទ្ធនាការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងចំណោមកុមារនិងយុវជននៅតាមសហគមន៍

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ រាជរដ្ឋាភិបាលពង្រីកយុទ្ធនាការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងចំណោមកុមារនិងយុវជននៅតាមសហគមន៍ ដើម្បីធានាឲ្យពួកគេបានជៀសឆ្ងាយពីគ្រឿងញៀនកុំអោយបំផ្លាញអនាគតរបស់ពួកគេ។

ថ្លែងក្នុងវេទិកាយុវជនថ្នាក់ជាតិស្តីពី ការទប់ស្កាត់គ្រឿងញៀន និងការអភិវឌ្ឍយុវជន នៅព្រឹកថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ឋា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ឋប្រឆាំងគ្រឿង​ញៀនបានជំរុញឲ្យភាគីពាក់ព័ន្ធរួមគ្នា ប្រយុទ្ធប្រឆំាងគ្រឿងញៀនគ្រប់រូបភាពនៅតាមសហគមន៍ដើម្បីលើកកម្ពស់​សហគមន៍គ្មាន គ្រឿងញៀនដែលមិនបង្កផលប៉ៈពាល់ដល់កុមារនិងយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ។

ការជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆំាងបញ្ហាគ្រឿងញៀននេះបានធ្វើឡើង ខណៈដែលបច្ចុប្បន្ន​គ្រឿង​ញៀន​បានរីករាលដាលទាំងនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត ឬក្នុងសហគមន៍ដាច់ស្រយ៉ាលដោយបាន​បង្កភាពភ័យខ្លាច និងផលប៉ៈ​ពាល់យ៉ាងខ្លាំងដល់សុវត្ថិភាព ជីវភាព សុខភាព សុខមាលភាព និងការអប់រំរបស់ប្រជាជន ពិសេសកុមារ និងយុវជនទាំងនៅទីប្រជុំជន និងតំបន់ដាច់ស្រយ៉ាលផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ចាក់ថា រាជរដ្ឋាភិបាលបានបន្តការយកចិត្តទុក​ដាក់ធ្វើយ៉ាងណា​លុបបំបាត់ឲ្យ​បានទាំងស្រុងនូវរាល់ បទល្មើសជួញដូរ ការប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកំសាន្តនានា និងត្រូវរួមគ្នា​លើកកម្ពស់​ការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកុមារនិងយុវជន ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។

សំលេង ៖ វេទិកានេះមិនមែនសម្រាប់តែយុវជនប៉ុណ្ណោះទេ ប៉ុន្តែគឺថាមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋានទៀត នេះគឺជាចំណុចសំខាន់មែនទែនតែម្ដងដែលថ្នាក់ដឹកនាំ អាជ្ញាធរជាតិក៏ដូចជារដ្ឋាភិបាលលោកចង់បានមែនទែនតែម្ដង ចង់ឲ្យមានកិច្ចប្រតិបត្តិការឲ្យកាន់តែល្អមែនទែនរវាងក្រសួងស្ថាប័ន ក៏ដូចជាអង្គការទាំងអស់ជាមួយដៃគូដែលនៅមូលដ្ឋាន ដើម្បីប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។

សូមបញ្ជាក់ថា វេទិកាយុវជនថ្នាក់ជាតិស្ដីពីការទប់ស្កាត់គ្រឿងញៀននិងការអភិវឌ្ឍយុវជន​ដែលរៀបចំឡើង​ដោយអង្គការហ្គូ​ដណេប័រកម្ពុជា Good Neighbors Cambodiaនេះមាន ការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រមាណជិត២០០នាក់​មកពី​ក្រសួងអប់រំយុវជន និងកីឡាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការិយាល័យអប់រំ ស្រុក ខណ្ឌ ក្រុមប្រឹក្សា ឃុំសង្កាត់ មកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ៕