ក្រសួងទេសចរណ៍ណែនាំឲ្យយុវជនកម្ពុជាត្រូវខិតខំផ្សព្វផ្សាយយពីសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

 ភ្នំពេញ៖ក្រសួងទេសចរណ៍ណែនាំឲ្យយុវជនកម្ពុជាដែលនឹងត្រូវចូលរួមក្នុងកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ជប៉ុនលើកទី៤៦ត្រូវខិតខំផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរបានច្រើន។ 

 

ក្នុងឱកាសទទួលជួបនិងផ្តល់អនុសាសន៍ដល់យុវជននាវាអាស៊ីអាគ្នេយ៍កម្ពុជានារសៀលថ្ងៃទី២ ខែកញ្ញា នេះ នៅទីស្តីការក្រសួងទេសចរណ៍ឯកឧត្តម ទិត ចន្ថារដ្ឋលេខាធិកា​​ក្រសួង​ទេសចរណ៍មានប្រសាសន៍ថា យុវជនដែលនឹងចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះត្រូវ បង្ហាញពីតំបន់ទេសចរណ៍​វប្បធម៌អរិយ​​ធម៌​មាន​ប្រសាទអង្គវត្ត និងប្រសាទបុរាណ  តំបន់សមុទ្រដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ កោះ​កុង និងខេត្តកំពត និងតំបន់ភូមិភាគឥសាន្តជាតំបន់អេកូទេសរណ៍បែបធម្មជាតិ។ ត្រូវ​ផ្សព្វ​ផ្សាយ​​​ពីប្រពៃណី និងទំនៀមទំលាប់ខ្មែរ ដល់យុវជនអន្តរជាតិពីស្ថានភាពសុខសន្តិភាព សេរី​ភាព និងភាពរីកចម្រើននៅកម្ពុជា  ហើយត្រូវ ខិត​ខំរៀនសូត្រដកស្រង់បទពិសោធន៍ល្អៗ​​ពីប្រទេស​​​ផ្សេងៗយកមកអភិវឌ្ឍន៍ប្រទេសជាតិ។

 លោក  ណៃសេន ណារ័ត្ន អនុប្រធានសមាគមយុវជននាវាអាស៊ីអាគ្នេយ៍​​កម្ពុជាបានប្តេជ្ញា​ខិត​ខំ​​បង្ហាញ និងពន្យល់ទៅកាន់យុវជន និងបណ្តាថ្នាក់ដឹកនាំប្រទេសដែលត្រូវចូលចត ពីសម្បត្តិ​វប្បធ៌ ប្រពៃណីជាតិខ្មែរ ធ្វើយ៉ាងណាឲ្យពួកគេស្គាល់កម្ពុជា​​កាន់តែច្បាស់​អោយ​ចង់​មកលេង​កម្ពុជា​។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំការ​​ប្រលងជ្រើស​​រើសយុវជន​​កម្ពុជាអាយុចន្លោះពី១៨-៣០ឆ្នាំ ចំនួន២៨រូប និងប្រធានប្រតិភូ១រូប ដើម្បីចូល​​រួមកម្មវិធី​​នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ។

 

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ នឹងធ្វើដំណើរលើនាវា Nippon Maru ចូលចតទៅកាន់ប្រទេស ជប៉ុន វៀតណាម សឹង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេ​​ស៊ីរយះ​​ពេល៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណង រឹតចំណងមិត្ត​​ភាព និងការយល់ដឹងរវាងយុវជនជប៉ុន និងយុវជនអាស៊ានទាំងដប់ប្រទេស ពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជន ស្ដីពីចំណេះដឹងសកលបង្កើនស្មារតី និង​ជំនាញ​ច្បាស់លាស់របស់យុវជនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបណ្តុះភាពជា​​អ្នកដឹក​​នាំ​​សម្រាប់ប្រតិភូយុវជនក្នុងវិស័យផ្សេងៗរបស់ពួកគេ ដែលចូលរួម​​លើការអភិវឌ្ឍយុវជន និងសង្គមជាតិ៕