ទីក្រុងតេអេរ៉ង់ស្វាគមន៍ចំពោះគំនិតរបស់រុស្ស៊ី សម្រាប់បញ្ហាសន្តិសុខនៅឈូងសមុទ្រពែរ្ស

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយថា អ៊ីរ៉ង់ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់រុស្ស៊ីស្តីពីសន្តិសុខនៅឈូងសមុទ្រពែរ្ស នឹងត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយប្រទេសជិតខាងរបស់ខ្លួន។

លោក Zarif បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងមូស្គូ ថា «ចំពោះបញ្ហាសន្តិសុខនៅឈូងសមុទ្រពែរ្ស ជំហររបស់យើង គឺដូចទៅនិងជំហររបស់ រុស្ស៊ី។ ខ្ញុំជឿជាក់ថា សន្តិសុខអាចត្រូវបានធានាតាមរយៈកិច្ចសហប្រតិបត្តិការ និងភាពស៊ីសង្វាក់គ្នា … យើងបានដឹង នូវគំនិតផ្តួចផ្តើមរបស់រុស្ស៊ីសម្រាប់សន្តិសុខក្នុងតំបន់។ យើងស្វាគមន៍ចំពោះគំនិតផ្តួច ផ្តើមនេះ … យើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធ នឹងការមិនឈ្លានពានជាមួយប្រទេសជិតខាងរបស់យើងនៅឈូងសមុទ្រពែរ្ស។ ដូច្នេះ យើងសូមស្វាគមន៍គំនិតរបស់ រុស្ស៊ី … និងលើកទឹកចិត្តដល់មិត្តភក្តិរុស្ស៊ីរបស់យើងឱ្យបន្តទៅមុខទៀតលើបញ្ហានេះ»។

ជាការឆ្លើយតប អ្នកការទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទាំងទីក្រុងមូស្គូ និងតេអេរ៉ង់ មានចំណាប់អារម្មណ៍ចង់ឃើញបណ្តាប្រទេសនៅឈូងសមុទ្រពែរ្ស យល់ព្រមលើមធ្យោបាយដែលអាចទទួលយកបានទៅវិញទៅមក ដើម្បីធ្វើឱ្យស្ថានការណ៍ក្នុងតំបន់មានស្ថិរភាព។

លោក Lavrov បាននិយាយដោយពិពណ៌នាអំពីគំនិតផ្តួចផ្តើមរបស់អ៊ីរ៉ង់ និងរុស្ស៊ីលើបញ្ហានេះថា «ទាំងយើង និងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ គឺចាប់អារម្មណ៍ចង់ឃើញភាគីទាំងអស់ ប្រទេសទាំងអស់ប្រជាជាតិនៅតាមឈូងសមុទ្រពែរ្សទាំងអស់ និងដៃគូអន្តរជាតិព្រមព្រៀងគ្នាលើមធ្យោបាយដែលអាចទទួលយកបានដើម្បីធានាសន្តិសុខនៅក្នុងតំបន់នេះ ដែលជាតំបន់សំខាន់ជាងគេរបស់ពិភពលោក» ។

ក្រសួងការបរទេសរុស្ស៊ីបានបង្ហាញកាលពីចុងខែកក្កដា ចំពេលដែលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងតំបន់ នូវគំនិតសន្តិសុខសមូហភាពសម្រាប់តំបន់ឈូងសមុទ្រពែរ្ស ដោយបានស្នើឱ្យមាន «ការដកចេញនូវការដាក់ពង្រាយកងទ័ពអចិន្រ្តៃយ៍នៃរដ្ឋនៅក្រៅតំបន់» នៅក្នុងឈូងសមុទ្រ។ គំនិតនេះ គឺជំរុញនូវពហុភាគីនិយមដែលជាស្នូលនៃប្រព័ន្ធសន្តិសុខថ្មីនៅក្នុងតំបន់។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ កាន់តែយ៉ាប់យ៉ឺនទៅចាប់តាំងពីប្រធានាធិបតី  សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីផែនការសកម្មភាពរួម (JCPOA) ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីរដូវផ្ការីកឆ្នាំមុន នឹងបានដាក់ទណ្ឌកម្មជាថ្មីប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមមួយនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)