វៀតណាមចូលរួមសមយុទ្ធកងទ័ពជើងទឹកអាស៊ាន-អាម៉េរិកនៅក្នុងប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩​ — កងទ័ពជើងទឹកមកពីប្រទេសវៀតណាម នឹងបណ្តាប្រទេសសមាជិកអាស៊ានកំពុងចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកអាស៊ាន – អាម៉េរិក (AUMX) ជាលើកដំបូង ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅឈូងសមុទ្រថៃ នឹងនៅភាគខាងត្បូងប្រទេសវៀតណាមខេត្ត Ca Mau។

ពិធីបើកសមយុទ្ធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឧត្តមនាវីឯក លោក Charoenpol Kumrasee អគ្គនាយករងនៃកងនាវាចរថៃ និងលោក Rear Admiral Kenneth Whitesell មេបញ្ជាការរងនៃកងនាវាចរអាម៉េរិកប៉ាស៊ីហ្វិក។

នៅក្នុងសមយុទ្ធ AUMX នេះរួមមាននាវាចម្បាំងចំនួន៨គ្រឿង និងយន្ដហោះចំនួន៤គ្រឿង មកពីប្រទេសចំនួន៧ និងបុគ្គលិកចំនួន ១.២៥០នាក់ ដែលតំណាងឱ្យប្រទេសជាសមាជិកអាស៊ានទាំង ១០ និងសហរដ្ឋអាមេរិក។

នាវាកងទ័ពជើងទឹកលេខ១៨ នៃកងនាវាចរវៀតណាមបានដឹកនាំធ្វើសមយុទ្ធនៅថ្ងៃទី១ ខែកញ្ញា ហើយគ្រោងនឹងទៅដល់ទីតាំងសមយុទ្ធនៅថ្ងៃទី៣ ខែកញ្ញា។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកបានបញ្ជូននាវាប្រយុទ្ធដែលជាប់នឹងនាវា USS Montgomery (LCS 8) ទៅចូលរួមសមយុទ្ធនេះផងដែរ។

យោងតាមសារព័ត៌មាន Bangkok Post បានឱ្យដឹងថា សមយុទ្ធ AUMX សហដឹកនាំដោយសហរដ្ឋអាមេរិក និងកងនាវាចរភូមិន្ទថៃ ហើយនឹងត្រូវបានអនុវត្តន៍មុនសកម្មភាពនាវាចរណ៍នៅប្រទេសថៃ សិង្ហបុរី និងប្រ៊ុយណេ អមដោយសមយុទ្ធសមុទ្រនៅក្នុងដែនទឹកអន្តរជាតិក្នុងឈូងសមុទ្រថៃ ក៏ដូចជាសមុទ្រខាង   កើត។ សមយុទ្ធនេះនឹងបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី។

ឧត្តមនាវីឯក Charoenpol បាននិយាយថា សមយុទ្ធពហុភាគីដែលជាលើកដំបូងនេះ គឺមានគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការតាមសមុទ្រ នឹងបង្កើនសន្តិសុខនៅក្នុងតំបន់។

លោក Whitesell បាននិយាយថា ការបណ្តុះបណ្តាលរួមគ្នានេះ គឺឆ្លុះបញ្ចាំងអំពីភាពជាដៃគូយោធាក្នុងតំបន់ដែលមានភាពខ្លាំងជាងមុន។ សមយុទ្ធ AUMX ត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ក្នុងឆ្នាំ២០១៧ នឹងត្រូវបានសម្រេចនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ ADMM លើកទី១២ កាលពីខែតុលា ឆ្នាំ២០១៨ កន្លងមក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)