ខ្យល់ព្យុះសម្លាប់មនុស្ស៥នាក់ នៅប្រទេសបាហាម៉ាស់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ព្យុះឈ្មោះ Hurricane Dorian (ដូរៀន) បានវាយប្រហារទៅលើប្រទេសបាហាម៉ាស់ (Bahamas) ស្ថិតនៅតំបន់ Caribbean បានបណ្តាលឲ្យមនុស្សចំនួន៥នាក់បានស្លាប់ ហើយព្យុះនេះកំពុងបក់បោកទៅកាន់តំបន់ឆ្នេរសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
លោក Hubert Minnis (ហូប៊ឺត មីនីស) នាយករដ្ឋមន្ត្រីបាហាម៉ាស់បានបញ្ជាក់ថាជនរងគ្រោះទាំង៥នាក់ ខាងលើត្រូវបានគេរាយការណ៍នៅកោះ Abaco ភាគឦសានប្រទេស។បើតាមកាកបាទក្រហមអន្តរជាតិបានឲ្យដឹងថា ផ្ទះជាង១,៣០០០ខ្នងរងការបំផ្លិចបំផ្លាញដោយសារកម្លាំងខ្យល់បក់ខ្លាំង ហើយបង្កឲ្យមានទឹកជំនន់ទៀតផង។
គួរបញ្ជាក់ថា ព្យុះ Hurricane Dorian បានវាយប្រហារលើប្រទេសបាហាម៉ាស់ ដោយវិវត្តខ្លួនទៅជាព្យុះ Hurricane ប្រភេទទី៥ ជាមួយល្បឿនខ្យល់បក់២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងបក់បោកឆ្ពោះទៅកាន់ តំបន់ឆ្នេរសហរដ្ឋអាមេរិកបន្ទាប់ពីវិវត្តខ្លួនទៅជាព្យុះ Hurricane ប្រភេទទី៤។
ប្រភព៖សារព័ត៌មាន BBC