ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំប្រចាំខែ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០១៩ -នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តមសុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំកិច្ច​ប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន​ អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនិងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុង​កើតមាន​​ និងបានលើកឡើងពីបញ្ហាប្រឈមនានា ដែលចាំបាច់តម្រូវឱ្យអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់​រួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះស្រាយឱ្យសមស្រប និងបានទាន់ពេលវេលា។ ឯកឧត្តមក៏បានស្នើឱ្យគណៈអភិបាលក្រុង ស្រុកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋអំពី​សភាពការណ៍ថ្មីៗ និងបន្តយកចិត្តទុកដាក់ចុះធ្វើវេទិកាសាធារណៈ តាមភូមិ ឃុំឱ្យបានទូលំទូលាយ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងខែនេះ ក៏បានលើកយកបុណ្យជាតិធំៗ​ចំនួន ៧មកពិភាក្សា ដើម្បីឱ្យរដ្ឋបាលខេត្ត មានពេលវេលាត្រៀមរៀបចំ រួមមាន៖ ១.​ ផែន ការណែនាំស្ដីពីការចាត់តាំងរៀបចំទិវាសន្តិភាពអន្តរជាតិលើកទី១៧ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។ ២. ផ្សព្វផ្សាយផែនការណែនាំស្តីពីការរៀបចំខួបលើកទី២៦ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ៣. ផែនការណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ។ ៤. ផែនការណែនាំស្តីពីការចាត់តាំងរៀបចំពិធីគោរពព្រះវិញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៧ឆ្នាំ ។ ៥. ផែនការណែនាំស្តីពីការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ៦. ផែនការណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ ។ ៧. ត្រៀមរៀបចំប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្តកំពង់ធំ ឆ្នាំ២០២០នាពេលខាងមុខនេះ ផងដែរ៕

ដោយ ស៊ុម វណ្ណា