អង្គការមូលនិធិកុមារកម្ពុជាផ្តល់ឱកាសដល់ម្តាយនឹងកូនដែលរងគ្រោះដោយទឹកអាស៊ីត បានទៅព្យាបាលនៅសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩៖

អង្គការមូលនិធិកុមារកម្ពុជាហៅកាត់ថា (CCF) បានផ្តល់ឱកាសបញ្ជូនម្តាយនឹងកូនរបស់ខ្លួនដែលជាជនរងគ្រោះដោយទឹកអាស៊ីត ទៅទទួលការព្យាបាលនៅសហរដ្ឋអាមេរិក ដើម្បី ជួយសម្រាលទុក្ខលំបាក និងកាត់បន្ថយស្នាមរបួសរបស់ជនរងគ្រោះ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ៖
អង្គការមូលនិធិកុមារកម្ពុជាបានអៈអាងថា គម្រោងបញ្ជូនជនរងគ្រោះដោយទឹកអាស៊ីត ទំាងម្តាយនិងកូនទៅព្យាបាលនៅសហរដ្ឋអាមេរិកនេះ មិនត្រឹមតែជួយព្យាបាលរបួសស្នាមជន រងគ្រោះអោយបានល្អប្រសើរប៉ុណ្ណោះទេ ថែមទំាងជួយផ្សះផ្សារផ្លូវចិត្តរបស់ជនរងគ្រោះផង ដែរ។អ្នកស្រីចិន្តា អាយុ៤៤ឆ្នាំ ដែលត្រូវជាម្តាយកុមារី ម៉ាលីតា អាយុ១៤ឆ្នាំដោយរងគ្រោះដោយទឹកអាស៊ីតបានថ្លែង នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ថា គម្រោងទៅព្យាបាលនៅសហរដ្ឋអាមេរិកនេះគឺជាដំណឹងដ៏ល្អនៅក្នុងជីវិតបន្ទាប់ពីរងគ្រោះដោយទឹកអាស៊ីត។
អ្នកស្រីបន្តថាដំបូងឡើយគ្រួសាររបស់អ្នកស្រីដែលជួបបញ្ហាដោយសារគ្រោះថ្នាក់ទឹកអាស៊ីត មានការរើសអើងពីអ្នកជិតខាងតែអ្នកស្រីមិនបានយកចិត្តទុកដាក់ទេតែងតែប្រាប់កូនឲ្យខំតស៊ូ ជម្នៈឲ្យបានចំពោះបញ្ហានេះ ។
អ្នកស្រីសង្ឃឹមថា គម្រោងនៃការវះកាត់នេះ អាចនឹងធ្វើឱ្យមុខមាត់ ខ្លួនប្រាណរបស់អ្នកស្រី និងកូន មានសភាពល្អប្រសើឡើងវិញក្រោយពីធ្វើការវះកាត់ដោយគ្រូពេទ្យជំនាញ បើទោះជាមិនបានដូចដើមវិញក៏ដោយ ប៉ុន្តែអ្នកស្រីនៅតែសប្បាយចិត្ត ។
អ្នកស្រីអៈអាងថា អង្គការមូលនិធិកុមារកម្ពុជាហៅកាត់ (CCF) បានជួបកូនអ្នកស្រី ជាលើកដំបូងនៅពេលនាងមានអាយុ៦ឆ្នាំ កាលនោះនាងបានរស់នៅម្ដុំស្ទឹងមានជ័យ ហើយចាប់ពីពេលនោះមកគ្រួសាររបស់អ្នកស្រីទទួលបានការផ្គត់ផ្គង់មានទីជម្រកដ៏សមរម្យមួយ ព្រមទាំងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុផងដែរ ។ ខ្ញុំសូមផ្ដាំផ្ញើដល់អ្នករងគ្រោះទឹកអាស៊ីតដូចខ្ញុំ សូមឱ្យរឹងមាំឡើងកុំទន់ជាយតស៊ូឡើងក្នុងជីវិត។ កុំពិបាកចិត្តនៅរូបរាងខាងក្រៅ តែសំខាន់គឺទឹកចិត្តចេះតស៊ូហើយទឹកចិត្តរឹងមាំយើងកុំខ្វល់សំដីអ្នកដទៃដែលគេរិះគន់ យើងកុំស្ដាប់ពាក្យណាមិនល្អ យើងស្តាប់តែពាក្យណាល្អៗ ។
គួរបញ្ជាក់ថា អង្គការមូលនិធិកុមារកម្ពុជា (CCF) បានសហការជាមួយអង្គការ Face Forward Internationalមានទីស្នាក់ការនៅសហរដ្ឋអាមេរិកដោយវេជ្ជសាស្ត្រដ៏ជំនាញនៅទីក្រុងឡូសអានជេលេសទទួលរ៉ាប់រងព្យាបាលនិងសោហ៊ុយចំណាយទំាងអស់ក្នុងទឹកប្រាក់ប្រមាណ ៣សែនដុល្លារសហរដ្ឋអាមេរិកផងដែរ ៕