អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្តើមរឹតបន្តឹងលើរថយន្តចតគ្មានសណ្តាប់ធ្នាប់នៅក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ — នៅក្នុង​ឱកាសចុះត្រួតពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់នៅចំណតរថយន្ត នៅក្នុងបុរី សៀងណាំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ពិន ប្រាកដ អភិបាល​រងខេត្ត​សៀមរាប​បានថ្លែងថា ដើម្បី​ធ្វើ​ឱ្យ​ក្រុង​សៀមរាប​មាន​សណ្តាប់ធ្នាប់​របៀប រៀបរយ និងសោភណភាព​ល្អអាជ្ញាធរខេត្ត​សៀមរាប​ចាំបាច់ត្រូវលុបបំបាត់ឱ្យបាន​នូវការចត រថយន្តគ្មានសណ្តាប់ធ្នប់​ ការឈរចាប់ម៉ូយរញ៉ែរញ៉ៃនៅតាមដងផ្លូវរបស់អ្នកក្រុមអ្នករត់ស៊ី។ លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២​​​ ខែកញ្ញានេះ មាន​ក្រុមហ៊ុនរថយន្តចំនួន២៣ ហើយ បាន​ចូលមកចតនៅក្នុង​ចំណតបុរីសៀងណាំ ហើយតែមួយក្រុមហ៊ុនប៉ុណ្ណោះដែល មិនទាន់បាន​ចូលចត ប៉ុន្តែលោកថា ក្រុមហ៊ុនមួយនេះនឹងចូលនៅថ្ងៃស្អែក។ ​​លោកអភិបាល​រងបាន​អះអាងដែរថា បើសិនក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរណាមួយនៅមានការរឹង​ទទឹងមិន ស្តាប់តាមការ​ណែនាំរបស់អាជ្ញាធរខេត្ត អាជ្ញាធរនឹងមាន​វិធានការរដ្ឋបាលចំពោះពួក គាត់បន្ថែមទៀត។

ពាក់ព័ន្ធការលើកឡើងរបស់​ក្រុមអ្នករត់តាស៊ីថា នៅក្នុងចំណតរថយន្តក្នុងបុរីសៀង ណាំ មិនមានសណ្តាប់ធ្នាប់ល្អ នៅខ្វះអនាម័យ ខ្វះបន្ទប់ទឹក និងកន្លែងសម្រាប់ភ្ញៀវអង្គុយរង​ចំាំធ្វើដំណើរនោះ លោកអភិបាលរងបានបង្ហាញថា អាជ្ញាធរខេត្តបាន​ណែនាំឱ្យអ្នកវិនិយោគ ចំណតរថយន្តនេះរៀបចំឡើងវិញទាំងអស់ឱ្យបានស្អាត ទាំងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន កន្លែងសម្រាប់អ្នកដំណើររង់ចាំធ្វើដំណើរ និងសោភណភាពស្អាត។

លោក ទូច សៀ អ្នកវិនិយោគចំណតរថយន្តនៅក្នុងសៀមរាបនេះបានសន្យាថា លោកនឹងធ្វើការកែលម្អចំណតរថយន្តនៅក្នុងបុរីសៀងណាំនេះឱ្យបានស្អាតឡើងវិញ និង​ធ្វើទៅការណែនាំរបស់អជ្ញាធរខេត្តដែលមើលឃើញថា នៅមាន​ចំណុចខ្វះខាតត្រង់ណា។

សូមបញ្ជាក់ថា ដើម្បីធ្វើឱ្យក្រុងសៀមរាប​ ដែលតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ កម្ពុជា មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភណភាពស្អាត អាជ្ញាធរខេត្តសៀមរាប​ បាន​រៀបចំឱ្យមានចំណតរថយន្តចំនួនពីរកន្លែងគឺ៖ ទី១. នៅផ្នែកខាងកើតមានទីតាំងនៅ ក្នុងបុរីសៀងណាំនៅផ្នែកខាងលិច នៅសង្កាត់ក្រង៉ែ ជិតបុរីសៀងណាំ និងទី២. ដែលអាចឱ្យ រថយន្តដឹកទំនិញ​ និងរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទចូលបានយ៉ាងងាយស្រួល៕

ដោយ ឃុត សៅ