ខេត្តស្វាយរៀងក្លាយជាគោលដៅនាំចេញបន្លែសរីរាង្គដ៏សំខាន់មកកាន់ទីផ្សាររាជធានីភ្នំពេញ និងក្រុងបាវិត

វិទ្យុជាតិកម្ពុជា៖​ ជួន បូណា ០២ ០៩ ១៩

ខេត្តស្វាយរៀងបានក្លាយជាគោលដៅនាំចេញបន្លែសរីរាង្គដ៏សំខាន់មកកាន់ទីផ្សាររាជធានីភ្នំពេញ និងក្រុងបាវិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ។
នាយកប្រតិបត្តិសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលខេត្ដស្វាយរៀងបានអៈអាងថា ក្នុងមួយខែៗខេត្តស្វាយរៀងបាននាំចេញបន្លែសរីរាង្គប្រហែល១០តោនទៅទីផ្សាររាជធានីភ្នំពេញ និងក្រុងបាវិត ដើម្បីផ្គត់ផ្គង់តម្រូវការនៅលើទីផ្សារនាពេលបច្ចុប្បន្ន។
អ្នកស្រី ហុង ស្រីស្រស់ នាយកប្រតិបត្តិសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលខេត្ដស្វាយរៀង ( SAC) បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា បន្លែសរីរាង្គទំាងនេះបញ្ជាទិញពីផ្សារទំនើបៗនិងភោជនីយដ្ឋាននានានៅរាជធានីភ្នំពេញ បន្ទាប់ពីបានប្រមូលទិញពីកសិករ ដែលជាសមាជិកសហគមន៍អ្នកផលិតបន្លែសរីរាង្គ ចំនួន ៣២៧ គ្រួសារ។
អ្នកស្រីបន្ដថា ក្នុងមួយសប្តាហ៍សហគមន៍ បាននាំចេញបន្លែទៅទីផ្សារ ពី២ទៅ៣ដង ហើយរាល់បន្លែមុននឹងដឹកជញ្ជូនទៅដៃគូទីផ្សារនានានោះ សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យលាងសម្អាត និងវេចខ្ចប់យ៉ាងត្រឹមត្រូវ ដែលធានាបាននូវសុវត្ថិភាព គុណភាព និងមានការបិទស្លាកសម្គាល់នៅលើបន្លែផងដែរ ។ សំឡេង«ក្នុងនោះបានបែងចែកទៅទីផ្សារនៅរាជធានីភ្នំពេញមាន ដូចជា ផ្សារទំនើប អ៊ី អន ១-២ សួន ធម្មជាតិផ្សារហេបភីហ្វាមផ្សារលេ មុនផ្សារខ្មែរសរីរាង្គ ផ្សារអាលីម៉ង់ ផ្សារសម្បូរ ផ្សារអាហារធម្មជាតិ និងផ្សារកសិករខ្មែរមានចំនួន ៦,៥ តោន ។ ដោយឡែក ទីផ្សារ នៅ ក្រុងបាវិត វិញបានបញ្ជាទិញចំនួន ២,៥ តោន» ។
លោក ហង្ស វុទ្ធី មន្ត្រីបច្ចេកទេសសហគមន៍សាក់ ( SAC) បានឱ្យដឹងថា បន្លែសរីរាង្គដែលដាំដុះដោយសមាជិកសហគមន៍ គឺមិនប្រើប្រាស់ជី និងថ្នាំពុលគីមីនោះទេ ដើម្បីធានាសុវត្ថិភាពអ្នកបរិភោគនិងសុខភាពអ្នកផលិត។
លោកបន្ដថា បើក្នុងករណីប្រើប្រាស់ជីនិងថ្នាំពុលគីមី គឺត្រូវអនុវត្តន៍តាមបច្ចេកទេស និងស្តង់ដារឱ្យបានត្រឹមត្រូវមុននឹងយកបន្លែសរីរាង្គទៅលក់នៅទីផ្សារ ដែលធានាបាននូវសុវត្ថិភាព ដែលមិនប៉ៈពាល់ដល់សុខភាពអ្នកទទួលទាន។
លោកវ៉ា ឈាន ប្រជាពលរដ្ឋដាំដំណាំសរីរាង្គនៅខេត្ដស្វាយរៀង បានសម្ដែងការសប្បាយរីករាយបន្ទាប់ពីពួកគាត់បានដាំបន្លែសរីរាង្គមានទីផ្សារហើយបានធ្វើឲ្យគ្រួសារដែលជាសមាជិកក្នុងសហគមន៍កាន់តែមានជីវភាពធូរធាជាងមុន។
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថា កសិករដែលបានដាំដុះបន្លែសរីរាង្គភាគច្រើនស្ថិតក្នុងស្រុកស្វាយជ្រុំ ដោយយពួកគាត់បាន ចងក្រងជាសហគមន៍និងទទួលបានការបណ្តុះបណ្តាលពាក់ព័ន្ធពីបច្ចេកទេសនៃដាំដុះបន្លែសរីរាង្គ និងបន្លែសុវត្ថិភាព ពីអង្គការដៃគូ និងពីមន្ទីរកសិកម្មខេត្ត ៕