ប្រធានាធិបតីកូរ៉េខាងត្បូងចាប់ផ្តើម ដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន បានចាកចេញដំណើរទៅកាន់ប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ក្នុងរយៈពេលចំនួនមួយសប្តាហ៍ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកាន់តែមានភាពស៊ីជម្រៅនៃភាពជាដៃគូរបស់ប្រទេសនេះជាមួយតំបន់អាស៊ីអាគ្នេយ៍។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhab បានឱ្យដឹងថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងទៅកាន់ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ ២០១២ និងជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ប្រទេសឡាវ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតី លោក មូន ជេអ៊ីន គ្រោងនឹងធ្វើកិច្ចចរចាកំពូលជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់-អូ- ចា នៅថ្ងៃទី០២ ខែកញ្ញា នេះ។

លោកនឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី០៤ ខែកញ្ញា ដែលលោកនឹងជួបប្រជុំជាមួយក្រុមប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint ។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវចាប់ពីថ្ងៃទី០៥ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូងនឹងជួបជាមួយប្រធានាធិបតីឡាវ លោក Bounnhang Vorachith និងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)